គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរដែលស្នើឡើងដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែកញ្ញាឆ្នាំ២០១៩។ កិច្ចប្រជុំបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរដែលរាជរដ្ឋាភិបាលបានស្នើសុំរដ្ឋសភាអនុម័ត មកពិនិត្យសិក្សា។

សេចក្តីព្រាងច្បាប់ទាំងពីរដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចប្រគល់ឲ្យ គណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សានោះមានទី១ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ទី២ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ការបង្កើតសម័្ពន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។

ក្រៅពីនេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានពិនិត្យរបាយការណ៍ សកម្មភាពរដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី២ និងលើកទី៣ ផងដែរ។ គណៈកម្មាធិការអចិន្រ្តៃយ៍ បានសម្រេចឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភា បូកបញ្ចូលសកម្មភាពរដ្ឋសភាបន្ថែមទៀត រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នាពេលខាងមុខ៕