ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន នាំយកអំណោយសម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់ជូនមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ


នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន នាយករងខុទ្ទការល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខយោធិនពិការចំនួន ៥៧០នាក់ ក្នុងឱកាសពិធីបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ស្ថិតនៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ី ឈាន បាននាំបណ្តាំផ្ញើសាកសួរសុខទូក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់យោធិនពិការទាំងអស់ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ។

ឯកឧត្តម បានមានប្រសាសន៍កោតសរសើរចំពោះវីរភាព ក្នុងស្មារតីដ៏មុះមុតរបស់បងប្អូនយោធិនពិការទាំងអស់ ដែលបានចូលរួមបូជាសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពដែនដី និងរកសុខសន្តិភាពជូនជាតិមាតុភូមិរហូតធ្លាក់ខ្លួនពិការ ដោយមាននយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្រួបបង្រួមជាតិ សាមគ្គីជាតិ ឯកភាពផ្ទៃក្នុង បញ្ចប់សង្គ្រាមនៅកម្ពុជាទាំងស្រុងក្នុងឆ្នាំ១៩៩៨ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមបន្តសង្កត់ធ្ងន់ថា ទោះបីបច្ចុប្បន្នប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរឲ្យកត់សំគាល់យ៉ាងណាក៏ដោយ ប៉ុន្តែនៅតែមានជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី និងបក្សពួកមួយចំនួនតូច តែងតែធ្វើការផ្សព្វផ្សាយញុះញង់មានចរិតបង្កអសន្តិសុខក្នុងសង្គមជាតិ ហើយថ្មីៗនេះទណ្ឌិត សម រង្ស៊ី បានធ្វើបទសំភាសន៍មើលងាយយ៉ាងធ្ងន់ធ្ងរចំពោះព្រះចេស្តាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទង្វើដ៏គឃ្លើននេះហើយ ប្រជាជនកម្ពុជាទាំងមូលមិនអាចទទួលយកបានទេ ព្រោះរំលោភលើរដ្ឋធមនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ មានន័យថា ជនគ្រប់រូបមិនអាចមើលងាយដល់ព្រះចេស្តាអង្គព្រះមហាក្សត្រដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង បានឡើយ។ ដូច្នេះក្នុងនាមខ្ញុំ និងកងយោធពលខេមរភូមិន្ទទាំងអស់ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី និងសូមគាំទ្រចំណាត់ការផ្លូវច្បាប់នានារបស់សមត្ថកិច្ចដែលពាក់ព័ន្ធ។

ក្នុងពិធីនេះដែរ ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ បានធ្វើការប្រគល់លិខិតសរសើរ និងប័ណ្ណសរសើរដល់យោធិន ដែលមានស្នាដៃលឆ្នើម ក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រគល់អំណោយ សម្តេចពិជ័យសេនា ទៀ បាញ់ ជូនដល់យោធិនពិការចំនួន ៥៧០នាក់ រួមមាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន សម្រាប់ផ្គត់ផ្គង់ និងអភិវឌ្ឍន៍អង្គភាព។