បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៉ីវិលក្រសួងមហាផ្ទៃនឹងប្រព្រឹត្តទៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យអង្គរ


រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តនិងជាប្រធានមណ្ឌលប្រឡងខេត្តសៀមរាបបានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារប្រឡងជ្រើសរើសសិស្ស និស្សិតឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៉ីវិលក្រសួងមហាផ្ទៃខេត្តសៀមរាបសម្រាប់ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងមន្ទីរមុខងារសាធារណៈខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោក លោកស្រី ដែលជាអគារអនុរក្ស និងអនុរក្ស។

តាមការបញ្ជាក់របស់លោក សន សេរីវុទ្ធី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សក្នុងឆ្នាំ២០១៩នេះ ខេត្តសៀមរាបមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងប្រជែងសរុបចំនួន ៣៨៧នាក់ ស្រី ១៨៥នាក់ ក្នុងនោះមាន ៖

១-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៧០នាក់ ស្រី ២៣នាក់

២-ក្របខ័ណ្ឌមន្ត្រីក្របការចំនួន ៨៩នាក់ ស្រី ៤១នាក់

៣-ក្របខ័ណ្ឌលេខាធិការរដ្ឋបាលចំនួន ៧៦នាក់ ស្រី ៥៣នាក់

៤-ក្របខ័ណ្ឌលេខាធិការរដ្ឋបាល(ស្មៀនឃុំ)ចំនួន ១៤៣នាក់ ស្រី ៦៨នាក់ ក្នុងនោះ ៖

ក-សាលាឃុំចាន់ស ស្រុកសូទ្រនិគម ចំនួន ៨៩នាក់ ស្រី៣៦នាក់

ខ-សាលាឃុំសំបួរ ស្រុកក្រឡាញ់ ចំនួន ៥៤នាក់ ស្រី ២៥នាក់។

ប្រឡងជ្រើសរើសសិស្ស និស្សិតឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៉ីវិលក្រសួងមហាផ្ទៃខេត្តសៀមរាបសម្រាប់ឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យអង្គរ ដែលមាន ២៦បន្ទប់ ដោយមានខេត្តចំនួន ៣ គឺខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ បេក្ខជនសរុបចំនួន ៦២៨នាក់ ស្រី ២៨៥នាក់។

ជាមួយគ្នានេះ លោក នាក់ ណេរ៉ុន បានផ្តាំផ្ញើ និងណែនាំដល់មន្ត្រីអនុរក្សទាំងអស់ត្រូវបង្ហាញឱ្យឃើញថាមានភាពអព្យាក្រឹត្យ ម៉ឺងម៉ាត់ និងភាពថ្លៃថ្នូ ហើយមិនត្រូវមានសកម្មភាពរំខានដល់បេក្ខជនក្នុងពេលប្រឡងដោយនិយាយ ឬប្រើទូរស័ព្ទក្នុងបន្ទប់ប្រឡង ជជែកពិភាក្សាគ្នាក្នុងបន្ទប់ប្រឡង ឈរមើល ឬផ្តល់ចម្លើយដល់នរណាម្នាក់។ ម្យ៉ាងទៀត មិនត្រូវអនុញ្ញាតមន្ត្រី ឬជនណាដែលគ្មានភារកិច្ចក្នុងបន្ទប់ប្រឡងជាដាច់ខាត។

ទន្ទឹមនឹងនោះ មន្ត្រីជាអនុរក្សត្រូវជៀសវាងដាច់ខាតចំពោះការពន្យល់ប្រធានវិញ្ញាសារ ឬបង្ហើបចម្លើយដល់បេក្ខជន ហើយនៅពេលបេក្ខជនធ្វើកិច្ចការអនុរក្សត្រូវមានម្នាក់នៅខាមុខ និងម្នាក់នៅខាងក្រោយ ដើម្បីមានភាពងាយស្រួលក្នុងការសង្កេតដល់បេក្ខជន៕