សម្តេចពិជ័យសេនាអញ្ជើនកាន់បិណ្ឌវេនទី៦ នៅវត្តព្រះឥន្ធកោសីយ៍ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប


ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការ ងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប រួមទាំងឯកឧត្តម លោកជំទាវជាសមាជិកក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ អាជ្ញាធរក្រុង សង្កាត់ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និង ថវិកាចំនួន ១៦លាន៣៥០ពាន់រៀល និង ប្រាក់ ដុល្លា ៤ពាន់៥២០ដុល្លា ប្រគេនវត្តព្រះឥន្ធកោសីយ៍ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ទៅតាមគន្លងប្រពៃណីសាសនា ក្នុងឱកាសកាន់បិណ្ឌវេនទី៦ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ។

ពិធីបុណ្យកាន់បិណ្ឌត្រូវបានបុរាណាចារ្យរាជបណ្ឌិតខ្មែររៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី ០១ រោចដល់ថ្ងៃ ១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់ប្រេតជនញាតិដែលបានស្លាប់ទៅ ។ តាមការបញ្ជាក់ របស់ លោកតាអាចារ្យបានឲ្យដឹងថា ក្នុងជំនឿកាន់បិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតដល់សតវត្សរ៍ ទី២១នេះ ។

មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ និង ប្រជាពុទ្ធបរិស័ទនាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានឲ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យដ៍ធំមួយ ក្នុងចំណោមពិធីបុណ្យច្រើនទៀត របស់ប្រជាពលរដ្ឋខ្មែរ ដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ សម្តេចក៏បានគូសបញ្ជាក់ថា ក្រោមគោលនយោបាយ ឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបប្រជាពលរដ្ឋយើងមានឱកាស បានប្រារព្ធពិធីបុណ្យនានាឡើង ។

ក្នុងនោះដែរ សម្តេចពិជ័យសេនា ក៏បានលើកឡើងបញ្ជាក់ ពិតជូនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទថា ដោយមហិច្ឆតារបស់ខ្លួន នៃក្រុម ជនអគតិមួយចំនួន ដែលបានចិញ្ចឹមចិត្តប្រឆាំងផ្កាប់មុខ មិនគិតសុខទុក្ខរបស់ប្រជាពលរដ្ឋ និង មិនចង់ឲ្យប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើន គឺពួកជនទាំងនោះចង់បង្កចលាចល ធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម ជាសំខាន់ក្នុងពេលថ្មីៗនេះ បុគ្គលជនក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថដល់ព្រះមហាក្សត្រថែមទៀតផង ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ និង កងកម្លាំងប្រដាប់អាវុធ គឺរួមសាមគ្គីគ្នាឡើង ប្រឆាំងទៅនឹងទង្វើក្បត់ជាតិ ដែលហ៊ានប្រមាថព្រះមហាក្សត្រ ដែលជីវិតតម្កល់លើត្បូងនៃប្រជាពលរដ្ឋកម្ពុជាយើង ។ ម៉្យាងទៀតជនក្បត់ជាតិរូបនេះ ក៏បានកំពុងធ្វើការញុះញុងដល់ជួរកងកម្លាំងប្រដាប់អាវុធ ឲ្យធ្វើការប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានប្រសូត្រឡើងពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ ។ ក្នុងនោះសម្តេចក៏បានបញ្ជាក់ផងដែរថា យើងគ្រប់រូបរួមគ្នាដាច់ខាតការពារនូវ សមទ្ធិផលសន្តិភាពឲ្យបានគង់វង្ស ដែលជាសមទ្ធិផលមួយមិនមែនកើតឡើងដោយឯកឯងនោះឡើយ គឺផ្តើមចេញពីការតស៊ូរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា កត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើន ។ សម្តេចក៏បានធ្វើការអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ រួមគ្នាប្រឆាំងជាមួយជនក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថព្រះមហាក្សត្រ ។

ក្នុងនោះសម្តេច និង លោកជំទាវ ក្រុមការងារ ថ្នាក់ដឹកនាំ មន្ត្រីរាជការនិងពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តព្រះឥន្ធកោសីយ៍ មាន អង្ករ ១តោន មី ៣០កេស ទឹកក្រូច ១០កេស, ទឹកត្រី ១០កេស, ទឹកស៊ីអ៊ីវ ១០កេស, ទឹកសុទ្ធ ២០កេស, ត្រីខ ៥កេស , ស្ករស ២០គក្រ និង ទឹកដោះគោ ០៥កេស តែ១០កញ្ចប់ និង បច្ច័យចំនួន ១៦លាន៣៥០ពាន់រៀល និង ប្រាក់ដុល្លា ៤ពាន់៥២០ដុល្លា និង សីលវ័ន្ត សីលវន្តី ម្នាក់ៗ នូវ ក្រណាត់ស១ដុំ បច្ច័យ១ម៉ឺនរៀល ។

បន្តមកសម្តេចពិជ័យ និង លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី មន្ត្រីរាជការ និង បងប្អូនពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្ធដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារកសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា និង ជនរងគ្រោះដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ សូមឲ្យមកទទួលនូវផល្លានិសង្ឃដែលលោកជំទាវ និង សមាជិក ក្រុមការងារ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ សូមឲ្យអំណាចនៃអានិសង្ឃ នេះជួយទ្រទ្រង់ឲ្យវិញ្ញាណក័្ខន្តអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ៕