កិច្ចប្រជុំអចិន្ត្រៃយ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:00 រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៩ មានរៀបចំកិច្ចប្រជុំអចិន្ត្រៃយ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមទីប្រឹក្សា ឯកឧត្តម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងលោក លោកស្រី មន្រ្តីរាជការយ៉ាងច្រើនកុះករផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកយកកម្មវត្ថុចំនួន ០៦ចំណុចដូចខាងក្រោម មកបកស្រាយ និងការដាក់ចេញវិធានការសម្រាប់អនុវត្តនាពេលខាងមុខ៖

១- ការវិវឌ្ឍន៍នៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងអន្តរជាតិ។
២- ការពិនិត្យ និងវាយតម្លៃលើបច្ចុប្បន្នភាពនៃការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម បញ្ហាប្រឈម និងយន្តការដោះស្រាយ។
៣- ការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។
៤- ការពង្រឹងសាមគ្គីផ្ទៃក្នុង គោរពវិន័យ ក្រមសីលធម៌មន្ត្រីរាជការក្នុងការគ្រប់គ្រង ដឹកនាំ ការបំពេញភារកិច្ចស្របតាមសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងត្រូវគោរពតាមឋានានុក្រមការងារជាចាំបាច់តាមគោលការណ៍ “សមូហ-ភាពដឹកនាំ បុគ្គលទទួលខុសត្រូវ”។
៥- ត្រូវយកអស់ស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មឲ្យស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច និងការវិវឌ្ឍន៍រីក ចម្រើនរបស់ប្រទេសជាតិ និងជាពិសេសដើម្បីឈានទៅសម្រេចគោលនយោបាយអភិវឌ្ឍវិស័កសិកម្ម២០១៩-២០២៣ និងចក្ខុវិស័យរបស់រាជរដ្ឋា ភិបាលនាឆ្នាំ២០៣០ និង២០៥០។
៦- តាមដានសភាពការណ៍ និងបញ្ហាប្រឈម ការងារបង្កបង្កើនផល និងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ដែលកើតមានឡើងនៅតាមបណ្តាខេត្ត ដែលថ្នាក់ដឹកនាំនិមួយៗ ទទួលបន្ទុក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។