ក្រសួងពាណិជ្ជកម្ម ជ្រើសរើសប្រធានក្រុមទីប្រឹក្សាថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឆ្នាំ២០១៧


នៅរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៧នេះ ក្រុមទីប្រឹក្សា និងជំនួយការរបស់ក្រសួងពាណិជ្ជកម្ម ដែលមានសមាជិកចំនួន ២០រូប បានជួបប្រជុំគ្នាជាលើកដំបូង ដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

គោលបំណងសំខាន់នៃការបោះឆ្នោតជ្រើសរើសនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ក្រសួង ជាពិសេសធានាបាននូវការអនុវត្តគោលដៅសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ឆ្នាំ ២០១៧ ឲ្យទទួលបានជោគជ័យ។

ជាលទ្ធផល បេក្ខជនដែលត្រូវបានអង្គប្រជុំផ្តល់សេចក្តីទុកចិត្ត និងបោះឆ្នោតឲ្យធ្វើជាប្រធាន គឺឯកឧត្តម វ៉ា រុតសាន ដែលជាមន្ត្រីជាន់ខ្ពស់ មានចំណេះដឹង និងបទពិសោធន៍យូរឆ្នាំខាងការងារកម្មសិទ្ធិបញ្ញា និងទំនាក់ទំនងពាណិជ្ជកម្មក្នុងប្រទេស និងអន្តរជាតិ។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានអបអរសាទរចំពោះ ឯកឧត្តម វ៉ា រុតសាន និងបានថ្លែងអំណរគុណដល់ទីប្រឹក្សា និងជំនួយការទាំងអស់ ដែលបានប្រឹងប្រែងបំពេញការងារជូនក្រសួងពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តែផ្តាំដល់ប្រធានទីប្រឹក្សាថ្មី ឲ្យបន្តដឹកនាំសមាជិកទាំងអស់ ដើម្បីបំពេញភារកិច្ចជូនក្រសួងប្រកបដោយស្មារតីយកចិត្តដាក់ និងការទទួលខុសត្រូវខ្ពស់។