អាជ្ញាធរជាតិអប្សរារៀបចំពិធីក្រុងពលី សុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី ដើម្បីជួសជុលប្រាសាទកណ្តាលស្រះស្រង់


អាជ្ញាធរជាតិអប្សរានៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានរៀបចំពិធីក្រុងពលី សុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី និងវត្ថុស័ក្តិសិទ្ធិដែលថែរក្សាតំបន់អង្គរ ដើម្បីជួសជុល ប្រាសាទកណ្តាលស្រះស្រង់ ឱ្យរួចផុតពីហានិភ័យទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ ក្រោយ។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា គម្រោង ជួសជុលប្រាសាទកណ្តាលស្រះស្រង់នេះ គឺជាសមិទ្ធផលទី២ បន្ទាប់ពីរហាត់ ទឹកដែលជា អំណោយរបស់លោកជំទាវបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលបានរួមចំណែកក្នុងការជួសជុលបេតិកភណ្ឌជាមួយអាជ្ញាធរជាតិអប្សរា។

តាងនាមឱ្យថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់ លោកជំទាវ សៀង ចាន់ហេង និងក្រុមការងារដែលជាអ្នកវិនិយោគទុនក្នុងវិស័យឯកជន តែងបានគិតគូរដល់បេតិកភណ្ឌ ដែលកំពុងត្រូវការការរួមចំណែកពីសប្បុរសជនគ្រប់ទិសទី ដើម្បីជួសជុលមរតកវប្បធម៌ជាតិជាមួយស្ថាប័នរដ្ឋទាំងសំណង់បុរាណ និងការដាំកូនឈើ ដើម្បីលើកកម្ពស់ភាពបៃតងក្នុងតំបន់អង្គរ។

លោកជំទាវបណ្ឌិត សៀង ចាន់ហេង ក្នុងនាមសប្បុរសជនជួយជួសជុលប្រាសាទ កណ្តាលស្រះស្រង់ បានសម្តែងនូវសេចក្តីរីករាយដែលបានចូលរួមក្នុងពិធីក្រុងពលីសុំម្ចាស់ ទឹកម្ចាស់ដី ទសបារមីនៃតំបន់អង្គរ ក្នុងការជួសជុលប្រាសាទកណ្តាលស្រះស្រង់ឱ្យមានភាព រូបរាងឡើងវិញរួចចាកផុតពីភាពខ្ទេចខ្ទាំ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ ជាតិអប្សរាដែលបានឱ្យវិស័យឯកជនរួមចំណែកក្នុងកិច្ចការពារ ថែរក្សា កសាង អភិរក្សនូវ សមិទ្ធផលមរតកបេតិកភណ្ឌដែលដូនតាបន្សល់ទុកឱ្យ ហើយលោកជំទាវនឹងបន្តកិច្ចការ នេះជាបន្តបន្ទាប់ទៅតាមលទ្ធភាព និងឱកាសដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថា ប្រាសាទកណ្តាលស្រះស្រង់បានកសាងឡើង ក្នុងរាជ្យព្រះបាទជ័យ វរ្ម័នទី៧ សតវត្សរ៍ទី១២ ជាតំណាងឱ្យភ្នំព្រះសុមេរុ។  បច្ចុប្បន្នប្រាសាទនេះបានរងការ បាក់ បែកជាខ្លាំងដោយសារកត្តាធម្មជាតិ ហើយដើម្បីលើកតម្លៃប្រវត្តិសាស្រ្ត សំណង់ប្រាសាទ និងទេសភាពវប្បធម៌នៃស្រះស្រង់ឡើងវិញនោះ អាជ្ញាធរជាតិអប្សរា និងវិស័យឯកជនបានរួម ដៃគ្នាជួសជុលប្រាសាទនេះឡើងវិញ។ ដំណើរការជួសជុលគ្រោងនឹងចាប់ផ្តើមឡើងនៅរដូវ ប្រាំង ព្រោះទឹករីងងាយស្រួលក្នុងការធ្វើកំណាយស្រាវជ្រាវ និងជួសជុល។ បច្ចុប្បន្ន អាជ្ញាធរ ជាតិអប្សរា នឹងធ្វើការសិក្សាលម្អិតទាក់ទងនឹងប្រាសាទ រួមទាំងផ្នែកបុរាណវិទ្យា ហើយឆ្លង យោបល់ក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដែលនឹងប្រព្រឹត្តិទៅនាខែធ្នូខាងមុខនេះ៕