(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម ថា “បើមិនចង់ឲ្យមានការចាប់ខ្លួន មានតែកុំធ្វើសកម្មភាពនយោបាយ គាំទ្រក្រុមឧទ្ទាមក្រៅច្បាប់ទេ (សម រង្ស៊ី)”។ លោកថា គាំទ្រអត់បានប្រយោជន៍អ្វីទេ បានតែនាំទុក្ខដល់ខ្លួន ព្រោះក្រុមឧទ្ទាមក្រៅច្បាប់ មិនហ៊ានអើតក្បាលមកជួយនោះទេ ហើយក្រុមឧទ្ទាមក្រៅច្បាប់ ក្អេងក្អាងបានតែពីចម្ងាយប៉ុណ្ណោះ។
គួររំលឹកថា កាលពីថ្មីនេះ មនុស្សចំនួន៦នាក់ទៀតហើយ ដែលជាអ្នកទទួលអនុវត្តតាមផែនការរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានអយ្យការអមសាលាដំបូងរាជធានី ខេត្តនានា សម្រេចចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សសង្គម ហើយអ្នកខ្លះទៀត ត្រូវបានតុលាកាចេញបញ្ជាឲ្យចាប់ខ្លួនផងដែរ។
តាមព័ត៌មាន ដែលការិយាល័យរបស់យើងទទួលបានពីអយ្យការអមសាលាដំបូងរាជធានី ខេត្តផ្សេងៗបានឲ្យដឹងថា អ្នកទទួលអនុវត្តផែនការពីជនក្បត់ជាតិ សម រង្ស៊ី ចំនួន៦នាក់នោះរួមមាន ទី១, ឈ្មោះ ម៉ោញ សារ៉ាត់ ភេទប្រុស អាយុ៥៤ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយការចោទប្រកាន់នេះ គឺពាក់ព័ន្ធទៅនឹងអំពើដែលឈ្មោះ ម៉ោញ សារ៉ាត់បានសម្ភាសន៍ជាមួយវិទ្យុសំលេងសហរដ្ឋអាមេរិក (វីអូអេ) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ដោយបាននិយាយថា ខ្លួនបានកៀងគរប្រជាពលរដ្ឋ ដែលបានចំណាកស្រុក ទៅប្រទេសថៃ ឲ្យទៅចូលរួមក្នុងផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកល ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី ដោយអនុវត្តតាមការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួក។ ទន្ទឹមនឹងនេះផងដែរឈ្មោះ ម៉ោញ សារ៉ាត់ បានធ្វើសកម្មភាពកៀងគរប្រជាពលរដ្ឋ ដែលបានចំណាកស្រុកទៅប្រទេសថៃ ព្រមទាំងមានផែនការដឹកនាំក្រុមរបស់ខ្លួនធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។
ទី២, ឈ្មោះ ងិនសុជាតិ ភេទប្រុសអាយុ៥៦ ឆ្នាំ ទី៣, ឈ្មោះ ធឿន ប៊ុនធន ភេទប្រុសអាយុ៥០ ឆ្នាំ ពីរនាក់នេះត្រូវបានអយ្យការអមសាលាដំបូងខេត្តរតនគិរី សម្រេចចោទប្រកាន់ពីបទរួមគំនិតក្បត់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងអំពើរបស់ជនទាំង២ នាក់ បានធ្វើសកម្មភាពប្រមូលផ្ដុំប្រជាពលរដ្ឋឃោសនា គាំទ្រទណ្ឌិត សម រង្ស៊ី ដែលជាប្រធានស្ដីទី នៃអតីតគណបក្សសង្គ្រោះជាតិ និងផែនការវិលត្រឡប់មកវិញ ដែលមានគម្រោងបង្កើតឲ្យមានភាពចលាចល បង្កអសន្តិសុខដល់សង្គមជាតិ ហើយថ្មីៗនេះទៀតជនសង្ស័យទាំងពីរនាក់ បានចែករំលែកព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន ដោយមានខ្លឹមសារវាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់ បំផុសបំផុល ឃោសនាប្រមូលផ្ដុំប្រជាពលរដ្ឋ ដើម្បីទៅទទួលជនក្បត់ជាតិ សម រង្ស៊ី និងញុះញង់កងកម្លាំងប្រដាប់អាវុធឲ្យប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់។
ទី៤, ឈ្មោះ ម៉ៅ វិបុល ភេទប្រុសអាយុ៣៧ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៥៣ មាត្រា៤៩៤មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចមានទោសពី៥ឆ្នាំ ទៅ២០ ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ៤លានរៀល។ ការចោទប្រកាន់ឈ្មោះ ម៉ៅ វិបុល នេះដោយសារពាក់ព័ន្ធនឹងការគាំទ្រ និងការចូលរួមអនុវត្តផែនការការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាក្រោមឧបាយកលផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី ដោយបានធ្វើការអំពាវនាតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន និងសម្ភាសន៍តាមវិទ្យុអាស៊ីសេរី កាលពីអំឡុងខែសីហា និងកញ្ញា ឆ្នាំ២០១៩។
ទី៥, ឈ្មោះ ស្រឿន ស៊្រាង ភេទប្រុសអាយុ ៤៣ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា ហើយការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធទៅនឹងអំពើ ដែលបានកៀងគរប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម និងស្រុកចំការលើ ឲ្យចូលរួមក្នុងផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកល ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញ របស់ឧក្រិដ្ធជន សម រង្ស៊ី ដោយអនុវត្តតាមការអំពាវនាវរបស់ឈ្មោះ សម រង្ស៊ី និងបក្សពួក ហើយឈ្មោះស្រឿន ស៊្រាង បានកៀងគរប្រជាពលរដ្ឋ និងមានផែនការដឹកនាំក្រុមរបស់ខ្លួន ធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងសកម្មភាពដួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ទី៦, ឈ្មោះ សៅ ឧសភា ភេទស្រី អាយុ២៥ ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានទីលំនៅភូមិបត់គគី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ក្នុងឆ្នាំ២០១៩ ជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោសតាមមាត្រា៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ ឈ្មោះ សៅ ឧសភា នេះត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ។
ទាក់ទងទៅនឹងការសម្រេចចោទប្រកាន់ខាងលើនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានី ខេត្ត នានា បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទរួមគំនិតក្បត់ ដែលអាចមានទោសចាប់ពី០៥ ឆ្នាំទៅ១០ឆ្នាំ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះ ចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចទោសតាមបញ្ញត្តិពិសេសនៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា ទាក់ទងបញ្ហានេះ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេងទៀត ពីបទ “ឧបឃាត” ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា ក្រៅពីនោះ អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារខាងលើនេះ នឹងត្រូវប្រឈមមុខការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោស តាមច្បាប់ពី “បទរួមគំនិតក្បត់” ដែលអាចមានទោសពី ៥ឆ្នាំ ទៅ២០ឆ្នាំ។
មនុស្សចំនួន៩នាក់ ដែលត្រូវបានចោទប្រកាន់នោះ រួមមាន ឈ្មោះ សម រង្ស៉ី, ឈ្មោះ អេង ឆៃអ៊ាង, ឈ្មោះ មូរ សុខហួរ, ឈ្មោះ អ៊ូ ច័ន្ទឬទ្ធិ, ឈ្មោះ ហូរ វ៉ាន់, ឈ្មោះ ឡុង រឺ, ឈ្មោះ ម៉ែន សុថាវរិន្រ្ទ, ឈ្មោះ ជូឡុង សូមួរ៉ា និងឈ្មោះ នុត រំដួល៕