ប្រទេសកម្ពុជា និងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថាន អាស៊ាន នៅដើមខែតុលានេះ


កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថាន អាស៊ាន នៅដើមខែតុលានេះ ដើម្បីឈានទៅរកកិច្ចបង្កើនកិច្ចសហប្រតិបត្តិការចូលរួមទប់ស្កាត់ការងារប្រែប្រួលអាកាសធាតុនិរន្តរ ភាពបរិស្ថានទីក្រុង ការងារអភិរក្សធនធម្មជាតិ ជាដើមនេះឲ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងប្រាប់ឲ្យដឹងកាលពីថ្ងៃទី៣០ ខែកញ្ញាឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា កិច្ចប្រជុំលើកទី១៥ របស់ថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៩ ដែលកម្ពុជាទទួលរៀបចំធ្វើនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៧-៩ ខែតុលា ដោយនឹងមានសមាសភាពចូលរួមពីរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្រ្តី និងគណៈប្រតិភូទាំង១០ប្រទេស អគ្គលេខាធិការអាស៊ាន រដ្ឋមន្រ្តីបរិស្ថានមកពីប្រទេសចិន ជប៉ុន កូរ៉េ រុស្សី អាមេរិក ឥណ្ឌា អូស្រ្តាលី និងនូវែលហ្សេឡង់ និងប្រតិភូកម្ពុជា ដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានក្នុងតំបន់។

កិច្ចប្រជុំនេះ គេតែងតែធ្វើរៀងរាល់២ឆ្នាំម្តង នៅក្នុងគោលបំណងជជែកពិភាក្សាអំពីបញ្ហានៅក្នុងតំបន់រួមមាន បញ្ហាប្រែប្រួលអាកាសធាតុនិរន្តរភាពបរិស្ថានទីក្រុង ការងារអភិរក្សធម្មជាតិនិងជីវចម្រុះ ការងារអប់រំបរិស្ថាន ការងារគ្រប់គ្រងធនធានទឹក ការងារបរិស្ថានតំបន់ឆ្នេរនិងសមុទ្រ ការងារ សារធាតុគីមីនិងសំណល់ និងការងារបំពុលផ្សែងអ័ព្ទឆ្លងដែន និងបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថានផ្សេងៗទៀត។

គួររំឭកថា កាលពីកិច្ចប្រជុំលើកទី១៤ ថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសប្រ៊ុយណេ កាលពីខែ កញ្ញា ឆ្នាំ២០១៧ របស់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងបណ្ដាប្រទេសជាដៃគូសន្ទនាក្នុងក្របខ័ណ្ឌអាស៊ានបូកបីដែលរួមមាន ចិន ជប៉ុន និង កូរ៉េ បានជជែកពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងវិស័យបរិស្ថានរួមមានដូចជា៖ វឌ្ឍនភាពស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន និរន្តរភាពបរិស្ថានទីក្រុង ការអភិរក្សជីវៈចម្រុះ ការប្រែ ប្រួលអាកាសធាតុ បរិស្ថានតំបន់ឆ្នេរសមុទ្រ ការងារអប់រំ បរិស្ថាន ការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងសារធាតុគីមីនិងសំណល់គ្រោះថ្នាក់ ការដាក់បញ្ជូលបន្ថែមនូវឧទ្យានជាតិ និងឧទ្យានបេតិកភ័ណ្ឌរបស់ប្រទេសសមាជិកអាស៊ាន ជាដើម។

នាពេលនោះដែរ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏បានចូលរួមពិធីផ្ដល់ពានរង្វាន់និរន្ដរភាពបរិស្ថានទីក្រុងអាស៊ាន និងវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត ដីស្អាត និងខ្យល់ស្អាត ដែលបានឆ្លងកាត់ការវាយតម្លៃ និងជ្រើសរើសដោយគណៈកម្មការដែលមានសមាសភាពពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ក្នុងនោះខេត្ដកែបរបស់ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភីសម្រាប់ពានរង្វាន់និរន្ដរភាពបរិស្ថានទីក្រុងអាស៊ាន ខណៈខេត្ដពោធិសាត់ ត្រូវបានផ្តល់វិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត៕