តុលាការខេត្ដប៉ៃលិន ចោទប្រកាន់មនុស្ស៤នាក់ពីបទ «រួមគំនិតក្បត់» ក្នុងផែនការផ្ដួលរំលំរាជរដ្ឋាភិបាលរបស់ទណ្ឌិត សម រង្ស៉ី


អយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានសម្រេចចោទប្រកាន់មនុស្ស៤នាក់ពីបទ «រួមគំនិតក្បត់» ដោយយោងតាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ ដែលរងនូវការជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តប៉ៃលិននៅល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។ បើតាមសេចក្ដីប្រកាសព័ត៌មាន មនុស្សទាំង៤នាក់នោះរួមមាន ទី១៖ ឈ្មោះ វ៉ន ដារ៉ា ហៅប៉ុច ភេទស្រី អាយុ៦០ឆ្នាំ, ទី២៖ ឈ្មោះ ឈុន សិទ្ធី ហៅគ្រូធី ភេទប្រុស អាយុ៤០ឆ្នាំ, ទី៣៖ ឈ្មោះ ឃិន ប៉ុន ភេទប្រុស អាយុ៦៤ឆ្នាំ និងទី៤៖ ឈ្មោះ ហ៊ុយ ហួន ភេទប្រុស អាយុ៦៨ឆ្នាំ។ ប៉ុន្ដែទោះជាយ៉ាងណា មនុស្សទាំង៤នាក់ ដែលអយ្យការអមសាលាដំបូងខេត្តប៉ៃលិនសម្រេចចោទប្រកាន់នេះ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេដោយពួកគេបានចាកចេញពីមូលដ្ឋាន។

អយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានអះអាងថា ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងអំពើរបស់ឈ្មោះ វ៉ន ដារ៉ា ហៅ ប៉ុច បានផ្តល់នូវបទសម្ភាស៍ តាមវិទ្យុអាស៊ីសេរី កាលពីអំឡុងខែសីហា ឆ្នាំ២០១៩។ ចំណែកឈ្មោះ ឈុន សិទ្ធី ហៅគ្រូធី, ឈ្មោះ ហ៊ុយ ហួន និងឈ្មោះ ឃិន ប៉ុន គឺពាក់ព័ន្ធនឹងការ ផ្ដល់ទីកន្លែងសម្រាប់ជួបជុំ និងការផ្សព្វផ្សាយតាមរយៈបណ្ដេញ Facebook រួមជាមួយអត្ថបទដែលមានលក្ខណៈជាការកៀរគរ បំផុសឲ្យមហាជនចូលរួម ក្នុងផែនការផ្តួលរំលំរដ្ឋាភិបាល នៃកម្ពុជា ជាមួយក្រុមឧទ្ទាមក្រៅច្បាប់ក្រោមឧបាយកល «ផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី» ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួក។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន សូមបញ្ជាក់ និងរំលឹកថា អ្នកពាក់ព័ន្ធ និងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ង ការធ្វើរដ្ឋប្រហារខាងលើនេះ នឹងត្រូវប្រឈមមុខការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ពីបទរួមគំនិតក្បត់ ដែលរងនូវការជាប់ពន្ធនាគារ ពី០៥ (ប្រាំ) ឆ្នាំ ទៅ១០ (ដប់) ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា លើកលែងអ្នកពាក់ព័ន្ធទាំងនោះ ចូលមកសារភាពបានទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិនខាងក្រោម៖