នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលោម៉ោង ១៤:០០ រសៀលថ្ងៃអង្គារ ០៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលលោក Takuya KAMATA នាយកប្រតិបត្តិផ្នែកទឹក សកលប្រចាំតំបន់អាស៊ីខាងត្បូងនៃធនាគារពិភពលោក និងសហការី ដើម្បីចូលជួបសម្តែងការគួរសម រាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី ការគ្រប់គ្រងធនធានទឹក ជលផល និងវារីសាស្រ្តនៅភូមិភាគឦសានមានខេត្តក្រចេះ និងស្ទឹងត្រែងដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលជលផល ក្នុងគោលបំណងលើកកម្ពស់ជីវភាព សន្តិសុខស្បៀង និងរក្សាប្រព័ន្ធអេកូឡូស៊ី និងពិភាក្សាអំពីលទ្ធភាពបន្តនិងពង្រីកវិសាលភាពនៃគម្រោងនេះ។
មានមតិស្វាគមន៍ តាមរយ:លោក Kamata ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះធនាគារពិភពលោក ដែលបានបន្តជួយគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាក់ស្តែងក្នុងអនុវិស័យជលផល តាមរយៈការអនុវត្តគម្រោងស្តីពីការគ្រប់គ្រងធនធានទឹក ជលផល និងវារីសាស្រ្តចម្រុះទន្លេមេគង្គដំណាក់កាលទី៣ សមាសភាព១ (M-IWRM-3) គឺបានជួយគាំទ្រក្នុងការទប់ស្កាត់បទល្មើសជលផល ការគ្រប់គ្រង ការពារ អភិរក្សធនធានជលផល និងសហគមន៍នេសាទសម្រាប់ពេលបច្ចុប្បន្ន និងអនាគតយ៉ាងមានប្រសិទ្ធ ភាព។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ធនាគារពិភពលោកនឹងបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវារីវប្បកម្មក្នុងគោលបំណងដើម្បីបង្កើនផលិតភាពផលិតកម្ម និរន្តរភាពនៃផលចាប់ ធានាបាននូវបរិមាណ គុណភាព តម្លៃបន្ថែម និងពង្រឹងការបណ្តុះបណ្តាល គ្រប់គ្រង កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ការរក្សាទុកដាក់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ស្តង់ដារ ធានាគុណភាព សុវត្តិភាព និងអនាម័យ ដើម្បីបង្កើនភាពប្រកួតប្រជែង ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក តាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។
នាឱកាសនេះ លោក Kamata បានថ្លែងអំណរគុណជូនចំពោះការផ្តល់កិច្ចសហការបានល្អពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលជលផល ដែលធ្វើឲ្យការអនុវត្តគម្រោងទទួលបានលទ្ធផលតាមការរំពឹងទុក។ ទន្ទឹមនឹងនេះ លោក Kamata ក៏បានឯកភាពទាំងស្រុងនូវចំណុចសំខាន់ៗដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងទាក់ទងនឹងការកែលម្អរចនាសម្ព័ន្ធទីផ្សារ ការជួយបណ្តុះបណ្តាលបច្ចេកទេសកែច្នៃ វេចខ្ចប់ ស្តុកទុក និងដឹកជញ្ជូន និងការកសាងហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗគាំទ្រដល់ដំណើរការកែច្នៃផលវារីវប្បកម្មដើម្បីឈានទៅធ្វើការលើកកម្ពស់គុណភាព ការប្រកួតប្រជែង និងនាំចេញសមស្របតាមស្តង់ដាទីផ្សារតម្រូវ គឺបានបញ្ចូលជាផែនការសកម្មភាពស្នូលនៃគម្រោងគាំទ្រថ្មី ហើយសង្ឃឹមថានឹងអាចទទួលបានការគាំទ្រ និងអនុម័តនាពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា គម្រោងស្តីពីការគ្រប់ គ្រងធនធានទឹក ជលផល និងវារីសាស្រ្តចម្រុះទន្លេមេគង្គដំណាក់កាលទី៣ សមាសភាព១ (M-IWRM-3) បានគាំទ្រដល់សហគមន៍នេសាទចំនួន ៤០ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែងក្នុងការពង្រឹងសមត្ថភាពលើការគ្រប់គ្រង និងដឹកនាំរបស់គណ:កម្មការសហគមន៍នេសាទ បានធ្វើបច្ចុប្បន្នភាពនៃការគ្រប់គ្រងកន្លែងនេសាទរបស់សហគមន៍ បង្កើតវគ្គបណ្តុបណ្តាល ផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការបោះបង្គោលព្រំប្រទល់សហគមន៍នេសាទ ចែកទូកទុកសម្រាប់ល្បាតយាមព្រៃ និងដែននេសាទសហគមន៍ ដើម្បីការពារបទល្មើស ការកាប់រានដីព្រៃលិចទឹក។ល។