ឯកឧត្តម​ ម៉ៅ ធនិន អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ២០១២-២០១៧ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្សឃុំប្រម៉ោយ


(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១២-២០១៧ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្សឃុំប្រម៉ោយ។​

អង្គសន្និបាទនេះ ត្រូវបានធ្វើឡើងនៅបរិវេណស្នាក់ការបក្សឃុំប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ឯកឧត្តម ខូយ រីដា ប្រធានក្រុមការងារចុះជួយស្រុកវាលវែង ​ប្រធាន អនុប្រធានគណបក្សឃុំ​ស្រុក ថ្នាក់ដឹកនាំយុវជនតាមមន្ទីរអង្គភាព សមាជិក សមាជិកា គណបក្សភូមិឃុំជិត៤០០នាក់។ ទន្ទឹមនឹងនោះ ក៏មានការបោះឆ្នោតស្ទាបស្ទង់មតិ ជ្រើសរើសបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំប្រម៉ោយ ចំនួន ១៦នាក់ ដោយជ្រើសរើសតែ ៥នាក់ផងដែរ។​

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ ទាក់ទងនឹងទំនាស់ដីធ្លី ជូនអាជីវករផ្សារប្រម៉ោយ និងបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានពិនិត្យបញ្ជីឈ្មោះ សូមអញ្ជើញទៅពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះឲ្យបានគ្រប់ៗគ្នា ដើម្បីប្រាកដថា លោកអ្នកមានឈ្មោះត្រឹមត្រូវ ដែលអាចមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៨ ពីព្រោះនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៃការបិទប្រកាសបញ្ជីឈ្មោះបោះឆ្នោត៕