សម្តេចតេជោ ហ៊ុន សែន៖ ការអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួន និងឱ្យព្រះមហាក្សត្រ «ដាក់រាជ្យ» របស់ទណ្ឌិត សម រង្ស៉ី គឺចេតនាប្តូររបបជាទោសក្បត់ជាតិ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ការអំពាវនាវឱ្យកងកម្លាំងប្រដាប់ អាវុធផ្តាច់ខ្លួន និងការអំពាវនាវឱ្យព្រះមហាក្សត្រដាក់រាជ្យ ដែលធ្វើឡើងដោយ ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ គឺជាចេតនាក្នុងការផ្លាស់ប្តូររបស់រាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដែលជាទោសក្បត់ជាតិ។

ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គេមិនមែនត្រឹមតែមកចាប់ ហ៊ុន សែន ឬឱ្យ ហ៊ុន សែន ចុះចេញពីតំណែងទេ គេថែមទាំងអំពាវនាវឱ្យព្រះមហាក្សត្រដាក់រាជ គេចាត់ទុកព្រះមហាក្សត្រជា “អាយ៉ង់របស់ហ៊ុន សែន” គេប្រមាថព្រះមហាក្សត្រ ដូច្នេះលើកនេះ គោលដៅរបស់គេ មិនមែនទម្លាក់ ហ៊ុន សែន ទេ គេដូររបបរាជានិយមអាស្រ័យធម្មនុញ្ញតែម្តង នេះជាទោសក្បត់ជាតិ»

ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស បានប្រកាសវិលត្រឡប់មកប្រទេសកម្ពុជា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែលចំនឹងបុណ្យឯករាជ្យជាតិ។ ជាមួយនឹងការប្រកាសវិលត្រឡប់នេះ លោក សម រង្ស៉ី បានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនទៅចុះចូលជាមួយខ្លួន ដោយខ្លួនមានកញ្ចប់ថវិកាសម្រាប់ពួកគេ។ មិនតែប៉ុណ្ណោះ ជនក្បត់ជាតិ បានបើកយុទ្ធការប្រមាថអង្គព្រះមហាក្សត្រ ដោយជំរុញឱ្យព្រះអង្គដាក់រាជថែមទៀត។

ផែនការផ្តួលរំលំរាជរដ្ឋាភិបាលនេះ ត្រូវបានរាជរដ្ឋាភិបាល​ដែលប្រសូត្រចេញពីការបោះឆ្នោត ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទប់ស្កាត់។ រយៈពេលប៉ុន្មានថ្ងៃមកនេះ អ្នកពាក់ព័ន្ធនឹងផែនការផ្តួលរំលំរាជរដ្ឋាភិបាល ដែលភាគច្រើនជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយត្រូវបានតុលាការចោទប្រកាន់ជាបន្តបន្ទាប់។

ក្នុងនាមនាយករដ្ឋមន្រ្តីស្របច្បាប់ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹក ដល់បុគ្គលមួយចំនួន ដែលពាក់ព័ន្ធនឹងផែនការផ្តួលរំលំរាជរដ្ឋាភិបាលនេះ ថាអាចនឹងត្រូវជាប់បទចោទ តាមច្បាប់ព្រហ្មទណ្ឌថ្មី «ឧបឃាត»។ សម្តេចក៏បានព្រមានដល់ ក្រុមអ្នកធ្វើយុទ្ធនាការម្រាមដៃ៩ ដើម្បីគាំទ្រដល់ផែនការរបស់ លោក សម រង្ស៉ីផងដែរ។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «បើចង់ធ្វើយុទ្ធនាការម្រាម៩ កាត់ម្រាម១ក្រវាត់ចោលទៅ អាហ្នឹងបានវាក្លាហាន មនុស្សកើតមកម្រាម១០ ឯងធ្វើយុទ្ធនាការម្រាម៩ មើល៍បើម្រាម៩ ដាក់វាម្រាម៩ហ្នឹងមើល៍។ អត់បានទេណា នរណាចូលរួមក្នុងយុទ្ធនាការបំផ្លាញប្រទេស បំផ្លាញសន្តិភាព នៅថ្ងៃទី៩វិច្ឆិកា អ្នកហ្នឹងនឹងត្រូវមានទោស ហើយរឿងនេះ ក្រសួងយុត្តិធម៌បានប្រកាសរួចហើយ ស្ថាប័ននានាបានត្រៀមបម្រុងហើយ»

សម្តេចបានថ្លែងព្រមានទៅកាន់ទណ្ឌិត សម រង្ស៉ី ទៀតថា៖ «កងទ័ពអ្នកឯងនៅឯណា? អ្នកឯងកុំបង្វែទិស អំពីថា ដល់ពេលឮសូរគេប្រតិកម្មរឿង លុយចិញ្ចឹមកងទ័ព បែរជាបង្វែរទិសទៅជា People Power អំណាចប្រជាជនឯណានោះវិញ»

សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ «គេប្រតិកម្មរឿងអ្នកឯងអំពាវនាវឱ្យស្តេចដាក់រាជ្យ បែរជាអ្នកឯងថា មករំដោះស្តេច អាហ្នឹងអត់ទេ​ បទចោទអ្នកឯងនៅជាប់អាលើនោះ និយាយគ្នាឱ្យច្បាស់ នេះមិនមែនសិទ្ធិបញ្ចេញមតិទេ ជាការផ្តួលរំលំរដ្ឋ ជាការដូររបប»