ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក ដឹកនាំគណៈប្រតិភូចូលរួមក្នុងកម្មវិធីសប្តាហ៍បណ្តាញគមនាគមន៍អន្តរជាតិលើកទី៤ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៤ នៅសិង្ហបុរី


(សិង្ហបុរី)៖ ឯកឧត្តម ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមក្នុងកម្មវិធី សប្តាហ៍បណ្តាញគមនាគមន៍អន្តរជាតិលើកទី៤ «The 4th Singapore International Cyber Week 2019, SICW» និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៤ ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានចូលរួមក្នុងកម្មវិធីសប្តាហ៍បណ្តាញគមនាគមន៍អន្តរជាតិលើកទី៤ ដែលកម្មវិធីនេះ គឺជាវេទិកាមួយសម្រាប់ការពិភាក្សាទៅលើបណ្តាញគមនាគមន៍ យុទ្ធសាស្ត្រ និងភាពជាដៃគូនៅក្នុងលំហនៃសន្តិសុខព័ត៌មានវិទ្យា ដោយប្រមូលផ្តុំនូវអ្នកតាក់តែងគោលនយោបាយ អ្នកដឹកនាំ អ្នកជំនាញលើវិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ ក្នុងការពិភាក្សាលើបញ្ហាប្រឈមចម្បងៗនានា ក៏ដូចជាស្វែងរកនូវដំណោះស្រាយសមស្របទាក់ទងនឹងសន្តិសុខព័ត៌មានតាមរយៈការនាំមកជាមួយគ្នានូវច្បាប់អន្តរជាតិ និយាមផ្សេងៗ និងលំហបណ្តាញសន្តិសុខព័ត៌មានវិទ្យា ដែលមានភាពជឿទុកចិត្តបានក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់ជំនឿចិត្តនិងភាពជឿជាក់ (Partnerships for Trust and Confidence)»។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានទៅទស្សនាការតាំងពិព័រណ៍ GovWare ដែលជាកន្លែងដែលបានណែនាំ នូវនវានុវត្តន៍ថ្មីបំផុតនៃបច្ចេកវិទ្យាសន្តិសុខ តាមអ៉ីនធើណេតផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៤ ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ សន្និសីទថ្នាក់រដ្ឋមន្ត្រីនេះ ផ្តល់នូវវេទិកាសម្រាប់ពិភាក្សា អំពីបញ្ហាសន្តិសុខតាមប្រព័ន្ធអ៉ីនធើណេត និងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការ តាមប្រព័ន្ធអ៉ីនធើណេតកាន់តែប្រសើរឡើង ក្នុងចំណោមបណ្តាប្រទេសជា សមាជិកអាស៊ាន ដើម្បីបំពេញនូវកិច្ចខិតខំប្រឹងប្រែងនានា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ តាមអ៉ីនធើណេតនៅក្នុងតំបន់ផងដែរ៕