ឯកឧត្តម ទា ជុប បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA)


នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ទា ជុប អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្របោះពុម្ពសម្លៀកបំពាក់ លើទំហំផ្ទៃដី ៤.៨៦០ម៉ែត្រការ៉េ ស្ថិតនៅក្នុង ភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ របស់ក្រុមហ៊ុនប៉ ហ័រ ប៊ី (ខេមបូឌា) ហ្វេសិន ឯ.ក (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា អេស ប៊ី ខេ ស្រាវជ្រាវ និងអភិវឌ្ឍ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តតាកែវ​ និងមន្ទីរបរិស្ថានខេត្តតាកែវ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុនប៉ ហ័រ ប៊ី (ខេមបូឌា) ហ្វេសិន ឯ.ក (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា អេស ប៊ី ខេ ស្រាវជ្រាវ និងអភិវឌ្ឍ ផងដែរ។

ជាលទ្ធផល​ អង្គប្រជុំ​ បានសម្រេច​ ដូចខាងក្រោម៖
១-សូមគាំទ្រលើគម្រោងបង្កើតរោងចក្របោះពុម្ពសម្លៀកបំពាក់ នៅខេត្តតាកែវ
២-ក្រុមហ៊ុនម្ចាស់គម្រោងត្រូវគ្រប់គ្រងសំណល់រឹង សំណល់ផ្ទះបាយ សំណល់ថង់ប្លាស្ទិក ទាំងក្នុងរោងចក្រ និងជុំវិញបរិវេណរោងចក្រឱ្យបានល្អប្រសើរ
៣-ចំពោះបុគ្គលិក-កម្មករ ក្រុមហ៊ុនម្ចាស់គម្រោងត្រូវធ្វើការពិនិត្យ​សុខភាពរៀងរាល់៦ខែម្តង
៤-ក្រុមហ៊ុនម្ចាស់គម្រោងត្រូវកែសម្រួលអាងប្រព្រឹត្តកម្មឡើងវិញ ព្រមទាំងបញ្ជាក់អំពីទំហំ និងមុខងាររបស់អាងឱ្យបានត្រឹមត្រូវ
៥-ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវកែសម្រួល​របាយការណ៍​នេះ​ ស្របតាមមតិយោបល់​អង្គប្រជុំ​៕