សម្តេចតេជោ ហ៊ុន សែន អញ្ជើញចាកចេញពីកម្ពជាហើយ ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម។

យោងតាមការជូនដំណឹងរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយ ឯកឧត្តម ង្វៀន ហ៊ួជុង (Nguyen Phu Trong) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោកស្រី ង្វៀន ធី គីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀតណាម។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីវៀតណាម ឯកឧត្តម ង្វៀន សួនហ៊្វុក។ ក្នុងជំនួបនោះនាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម នឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការបារម្ភរួមគ្នា។ ក្រោយកិច្ចប្រជុំ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។

នាយករដ្ឋមន្រ្តីទាំងពីរ នឹងចូលរួមថ្លែងសុន្ទរកថា បើកសន្និសីទស្តីពីការជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅរសៀលថ្ងៃទី៤ តុលា។ នៅថ្ងៃទី០៥ តុលា ដែលជាថ្ងៃទីពីរនៃដំណើរទស្សនកិច្ច នាយករដ្ឋមន្ត្រីទាំងពីរ នឹងចូលរួមជាអធិបតីក្នុងសន្និសីទបូកសរុបការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលរំពឹងថា នឹងបញ្ចប់ដោយការចុះហត្ថលេខាលើឯកសារច្បាប់ចំនួនពីរ ដើម្បីទទួលស្គាល់លទ្ធផលការងារខ័ណ្ឌសីមា ព្រំដែន ៨៤% ដែលសម្រេចបាន។

ក្នុងកំឡុងពេលស្នាក់នៅទីក្រុងហាណូយ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធ នៅវិមានអនុស្សាវរីយ៍បុព្វបុរស និងយុទ្ធជនពាលី និងនៅវិមានតម្កល់សពលោកហូជីមិញ។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី បំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងឱកាសនេះ រួមមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ, ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិទទួល បន្ទុកកិច្ចការព្រំដែន, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

សូមរំលឹកថា កម្ពុជា-វៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ហើយត្រូវបានកាត់ផ្តាច់នៅខែមីនា ឆ្នាំ១៩៧០។ ប្រទេសទាំងពីបានភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។ វៀតណាម និងកម្ពុជា គឺជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។

ឆ្នាំ២០១៨កន្លងទៅនេះ ជាខួបលើកទី៥១ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងខួប៥១ឆ្នាំនៃទំនាក់ទំនងនេះ មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានផ្លាស់ប្តូរទំនាក់ទំនង និងទស្សនកិច្ចគ្នាទៅវិញទៅមកជាញឹកញាប់ ដែលបានបង្ហាញពីចំណងសាមគី្គភាព មិត្តភាព ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា និងគោរពគ្នា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត។

ក្នុងទំនាក់ទំនងពាណិជ្ជកម្មវិញ ប្រទេសទាំងពីរមានពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០១៧ សម្រេចបានចំនួនប្រមាណ ២.១៣ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ ២០១៦។ តែការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតនៅមានទំហំតូចនៅឡើយ។ ជាក់ស្តែងការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៧ មានចំនួន ៣៤២លានដុល្លារអាមេរិក ធៀបនឹងការនាំចូលរបស់កម្ពុជាពីវៀតណាម ក្នុងឆ្នាំ២០១៧ មានចំនួនប្រមាណ ១,៨ពាន់លានដុល្លារអាមេរិក។

នៅឆ្នាំ២០១៨ ទំហំពាណិជ្ជរវាងប្រទេសទាំងពីរបានកើនឡើងដល់ ៤.៧ពាន់លានដុល្លារអាមេរិកអាមេរិក។ កម្ពុជា និងវៀតណាមគ្រោងជំរុញទំហំពាណិជ្ជកម្ម ឱ្យបានដល់ ៥ពាន់លានដុល្លារអាមេរិក។

ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីវៀតណាម រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន ៧៥គម្រោង លើទុនវិនិយោគសរុបចំនួនប្រមាណ ២,៤ពាន់លានដុល្លារអាមេរិក ដែលផ្តោតសំខាន់លើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕