សម្តេចព្រះមហាក្សត្រី ព្រះបរមរាជានុញ្ញាត សម្តេចតេជោ ចូលក្រាបបង្គំគាល់ និងថ្វាយកាក់មាសអនុស្សាវរីយ៍


សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះបរមរាជានុញ្ញាតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយនូវកាក់មាសអនុស្សាវរីយ៍ ព្រមទាំងក្រដាសប្រាក់រៀលគំរូថ្មី (១៥០០០៛) ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើង ដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប ១៥ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពេលខាងមុខនេះ នាព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង នាវេលាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ។