អភិបាលខេត្តកំពង់ចាម ចុះពិនិត្យមើលមណ្ឌលកុមារកំព្រា និងផ្ដល់ជំនួយបន្ថែមលើការខ្វះខាត


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យមើលមណ្ឌលកុមារកំព្រា ស្ថិតនៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាមឲ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា បន្ទាប់ពីដឹងថា នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានការខ្វះខាតអង្ករ ទើបលោកបានចុះទៅពិនិត្យមើលដោយផ្ទាល់ អំពីការរស់នៅរបស់ក្រុមកុមារកំព្រា។ ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានជួយឧបត្ថម្ភជាអង្ករក្នុង១ ខែ៥០០គីឡូក្រាម និងខាងមន្ទីរសង្គមកិច្ចការងារ យុវនីតិសម្បទា ខេត្តកំពង់ចាម ជួយជាអង្ករក្នុងមួយខែ៥០០ គីឡូក្រាមផងដែរ។

មន្ត្រីរដ្ឋបាលសាលាខេត្តឱ្យដឹងទៀតថា ចំនួនកុមារកំព្រាសរុបនៅក្នុងមណ្ឌកុមារកំព្រា មានចំនួន ៦៤នាក់ ស្រី២៥នាក់ ហើយនៅក្នុងឆ្នាំ២០១៩ នេះ កុមារកំព្រាបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ ៥ នាក់ ស្រី ៣ នាក់បានប្រឡងជាប់៕