ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងនិងប្រធានមន្ទីរអង្គភាពជុំវិញខេត្តអញ្ជើញ គោរពវិញ្ញាណក្ខន្ធ សពលោកគិន ពិសាល


កំពង់ឆ្នាំងៈ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាក្ខណ្ឌសព លោកគិន ពិសាល អនុប្រធានមន្ទីរ ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការ
កិច្ចខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៍ កំពុងតម្កល់ធ្វើបុណ្យនៅវត្តថ្វាយដង្គំ ស្ថិតនៅសង្កាត់មនោរម្យខណ្ឌ៧មករា រាជធានីភ្នំពេញ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ន សំឫទ្ធី បានសំដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តុកក្តួលជាក្រៃលែង ជាមួយ ជាភរិយា កូន និង ក្រុមគ្រួសារ ដោយសង្វែកជាទីបំផុត និងសូមឧទ្ទិសបួងសួង ដល់វិញ្ញាណក្ខន្ធ របស់លោក គិន ពិសាល បានទៅកាន់សុខតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ឯកឧត្តម ស្រន សំឫទ្ធី បានមានប្រសាសន៍ទៀតថា មរណៈភាពរបស់លោក គិន ពិសាល នាពេលនេះ គឺជាការបាត់បង់ ស្វាមី ឪពុក ជាទីគោរពស្រឡាញ់ដ៍ជ្រាលជ្រៅបំផុត ប្រកបដោយព្រហ្មវិហារធម៌ ដោយកន្លងមកលោក តែងតែយកអស់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចិញ្ចឹមបីបាច់ថែរក្សាក្រុមគ្រួសារនិង ធ្វើអោយក្រុមគ្រួសារ រស់នៅ ប្រកបដោយក្តីរីករាយនិង សុភមង្គល ។ ការបាត់បង់លោក គិន ពិសាល ជាការបាត់បង់ថ្នាក់ដឹកនាំនិងមន្រ្តីដ៏ល្អម្នាក់ របស់ខេត្តកំពង់ឆ្នាំង ក៏ដូចជាមន្ទីរជំនាញ ដែលពោរពេញដោយសមត្ថភាព ទឹកចិត្តល្អ យោគយល់ អធ្យាស្រ័យ និងទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំ ក៏ដួចជាមន្រ្តីក្រោមឱវាទ ដោយកន្លងមកនេះ ទទួលបានការគោរពស្រឡាញ់ ពីថ្នាក់ដឹកនាំមន្រ្តីរាជការ និងមជ្ឈដ្ឋានទូទៅក្នុងខេត្ត ។ ទោះបីលោក បានឃ្លាតឆ្ងាយទៅពិតមែន ប៉ុន្តែបាន បន្យល់ទុក បទពិសោធន៍ការងារល្អៗ សម្រាប់មន្រ្តីរាជការ ក្នុងការអនុវត្តបន្តទាំងនៅក្នុងការងារសង្គម ការងារមូលដ្ឋាន និង កិច្ចការជំនាញផងដែរ ។

ដើម្បីចូលរួមរំលែកទុក្ខនាឱកាសនោះឯកឧត្តម ស្រ៊ន ឫទ្ធី អភិបាលរងខេត្តតំណាងឯកឧត្តម ឈួរ ច័ន្ទឌឿន បាននាំយកនូវថវិកាចំនួន៤លានរៀល ដែលជាថវិការបស់រដ្ឋបាលខេត្ត និង ថ្នាក់
ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីចូលរួមបុណ្យជាមួយនិងក្រុមគ្រួសារនៃសព ផងដែរ ។