ក្រសួងបរិស្ថានកម្ពុជារៀបចំពិធីលាងសាយភោជន៍ ស្វាគមន៍ឧត្តមមន្រ្តីបរិស្ថានអាស៊ាន


នៅល្ងាចថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ប្រតិភូរដ្ឋមន្រ្តី និងឧត្តមមន្រ្តីបរិស្ថានអាស៊ាន នៅក្នុងពិធីលាងសាយភោជន៍ស្វាគមន៍នៅលើទឹកដីអង្គរខេត្តសៀមរាប ។ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន​ ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍​ ស្វាគមន៍យ៉ាងកក់ក្តៅ និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាស៊ានទាំង១០ ជាពិសេសចំពោះក្រុមការងារ ឧត្តមមន្រ្តីបរិស្ថានអាស៊ានទាំងអស់ ថ្ងៃនេះផ្ទាល់បានចំណាយពេល១ថ្ងៃពេញ ជជែកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍កំរិតបច្ចេកទេស ដើម្បីចងក្រង និងប្រមូលធាតុចូលលើបញ្ហាប្រឈម និង វិធានការនានាលើវិស័យបរិស្ថាន សម្រាប់ដាក់ជូនរដ្ឋមន្រ្តីបរិស្ថានអាស៊ានពិនិត្យ និងសម្រេចនៅព្រឹកស្អែកនេះ។​ ឯកឧត្តមបានបន្តថា ស្ថិតក្នុងស្មារតីអាស៊ាន បញ្ហាបរិស្ថានមិនមែនជាបញ្ហាដែលកើតតែទៅលើប្រទេសតែ១០ ឬ ក្នុងតំបន់នោះទេ តែជាបញ្ហា និងវិធានការត្រូវរួបរួមគ្នាជាសកល។ ឯកឧត្តមបានបន្តថា ឆ្នាំនេះកម្ពុជាមានមោទនភាព​ ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាននៅឆ្នាំនេះ។ឯកឧត្តមសង្ឃឹមថា តាមរយៈស្មារតីរួបរួមអាស៊ានតែ១ វាសនាតែ១ យើងសម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើននៅក្នុងកិច្ចប្រជុំលើកនេះ ។នៅក្នុងឱកាសនោះ ក្រសួងបរិស្ថានក៏បានរៀបចំការប្រគុំតន្រ្តី និងចម្រៀងសម័យ សម្រាប់ទស្សនាកំសាន្តផងដែរ។