ឹឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចូលរួមថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំផ្លូវថ្នល់ពិភពលោក


(អារ៉ាប់រួម)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំផ្លូវថ្នល់ពិភពលោកលើកទី២៦ ពីថ្ងៃទី៦ ដល់ ទី១០ ខែតុលា ឆ្នាំ២០១៩ នៅរាជធានីអាប៊ូដាប៊ី (Abu Dhabi) នៃប្រទេសសហភាពអារ៉ាប់រួម។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមទិសស្លោក «ធ្វើការតភ្ជាប់វប្បធម៌ និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច» និងមានការយាងចូលរួមជាអធិបបើកដោយព្រះអង្គម្ចាស់អាប៊ូដាប៊ី និងមានការចូលរួមពីរដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន និងប្រតិភូជាង ៥,០០០នាក់មកពីប្រទេសជាសមាជិក១២១ និងស្តង់តាំងពិព័រណ៍ជាង២០០។

កិច្ចប្រជុំនេះ មានការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការអនុវត្តល្អបំផុត បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ របស់ប្រទេសនានានៅក្នុងពិភពលោក ក្នុងវិស័យផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងការដឹកជញ្ជូន សម្រាប់យកទៅពិចារណាក្នុងការបង្កើតគោលនយោបាយ និងអនុវត្តប្រកបដោយប្រសិទ្ធភាពវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន។

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចូលរួមថ្លែងសុន្ទរកថាស្តីពីប្រព័ន្ធដឹកជញ្ជូនអនាគត និងរបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អភិវឌ្ឍការដឹកជញ្ជូនពហុប្រភេទ និងគម្រោងស្តារ និងអភិវឌ្ឍផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និងការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាផងដែរ៕