សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត រៀបចំមហាសន្និបាត អាណត្តិទី២


(ភ្នំពេញ)៖ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ រៀបចំមហាសន្និបាតអាណត្តិទី២ ក្នុងគោលបំណង ទី១៖បូកសរុបសមិទ្ធផលការងារសម្រេចបានក្នុងរយៈពេល៥ឆ្នាំ, ទី២៖កែសម្រួល និងអនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និងទី៣៖បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន, សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ។

ពិធីបើកមហាសន្និបាតប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

មហាសន្និបាតនេះ ក៏មានអ្នកចូលរួមសរុប៤១០នាក់ ក្នុងនោះប្រតិភូសមាជិក សមាជិកាក្រុមប្រឹក្សារាជធានី-ខេត្ត ចំនួន២៨០នាក់ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា២៧៥រូប, គណបក្សខ្មែររួបរួមជាតិ៣រូប និងគណបក្សហ្វុនស៊ិនប៉ិច២រូប។

សូមជម្រាបថា សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាតលើកទី១ នៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍន៍សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់ របស់ក្រុមប្រឹក្សាដែលជាសមាជិក សមាគមជាតិ គឺក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តទាំង២៤៕