ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបើកជាផ្លូវការកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីក្រសួងបរិស្ថានអាស៊ាន នៅខេត្តសៀមរាប


(សៀមរាប)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញបើកជាផ្លូវការ កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្ត្រីបរិស្ថាន គណៈប្រតិភូតំណាងក្រសួងបរិស្ថានអាស៊ាន និងមន្ត្រីស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ៤០០នាក់។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រោយពីពិធីបើកជាផ្លូវការ និងមានពិធីដាំដើមផ្កាក្រវ៉ាន់ នៅសួនផ្កាក្រវ៉ាន់សៀមរាប នៅមុខប្រាង្គប្រាសាទអង្គរវត្ត នៅពេលព្រឹក រដ្ឋមន្ត្រីបរិស្ថានអាស៊ាននឹងចាប់ផ្តើមកិច្ចប្រជុំលើកទី១៥ របស់ខ្លួននៅពេលរសៀល ដើម្បីពិនិត្យលើកិច្ច សហប្រតិបត្តិការលើវិស័យបរិស្ថាន និងធនធានធម្មជាតិ ក្នុងបណ្តាសមាជិកអាស៊ាន។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានដែលកម្ពុជា ជាប្រធាន និងឥណ្ឌូនេស៊ី ជាអនុប្រធាននឹងជជែកពិភាក្សា លើបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និរន្តរភាពបរិស្ថានទីក្រុង ការអភិរក្សជីវៈចម្រុះ បរិស្ថានតំបន់ឆ្នេរសមុទ្រ ការងារអប់រំបរិស្ថាន ការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងសារធាតុគីមី និងសំណល់គ្រោះថ្នាក់ ការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែនជាដើម។

ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងផងដែរថា នៅថ្ងៃទី២ នៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឯកសារសំខាន់ចំនួន៣ នឹងត្រូវយកមកពិនិត្យ និងអនុម័ត រួមមានទី១៖ សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ាន ស្តីពីការប្រែប្រួលអាកាសធាតុ នៅកិច្ចប្រជុំកំពូលលើកទី២៥ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP25-UNFCCC), ទី២៖ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអាស៊ាន ស្តីពីបរិស្ថាន និង៣៖ សំណើសុំដាក់បញ្ចូលឧទ្យានជាតិរបស់ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា សរុបចំនួន៥ ទៅជាឧទ្យានបេតិកភណ្ឌអាស៊ាន។

ក្នុងក្របខណ្ឌនៃកិច្ចប្រជុំនេះដែរ កម្ពុជានឹងទទួលរៀបចំពិធីប្រគល់ពានរង្វាន់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ និងយុវជនឆ្នើមមេត្រីភាព បរិស្ថានអាស៊ានលើកទី១ សម្រាប់រដ្ឋជាសមាជិកអាស៊ានទាំងអស់ តាមរយៈមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ជាប្រធានកិច្ចប្រជុំ និងរដ្ឋមន្ត្រីបរិស្ថានអាស៊ាន។

ចំណែកនៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៩ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំលើកទី១៥ នៃសន្និសីទភាគីកិច្ចព្រមព្រៀងអាស៊ាន ស្ដីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានឱ្យដឹងផងដែរថា នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏មានកិច្ចប្រជុំលើកទី១៦ នៃ រដ្ឋមន្ត្រីបរិស្ថានអាស៊ានបូក៣ រួមមាន៖ ចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថាន រវាងអាស៊ាន និងប្រទេសដៃគូសន្ទនា។ ទន្ទឹមនឹងនេះ ក៏មានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន-ជប៉ុន ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ សហប្រតិបត្តិការបច្ចុប្បន្ន និងគំនិតផ្តួចផ្តើមសំណើថ្មីៗ រួមមានដូច ជា ប្រព័ន្ធផ្ទៀងផ្ទាត់បច្ចេកទេសបរិស្ថាន ការផ្ទេរបច្ចេកវិទ្យា និងសំណល់ប្លាស្ទិកសមុទ្រ។

សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន តែងតែធ្វើរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណង ជជែកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ បរិស្ថាននៅក្នុងតំបន់។ កិច្ចប្រជុំលើកទី១៤ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំជាមួយបណ្តាប្រទេសជាដៃគូសន្ទនា ត្រូវបានប្រារព្ធធ្វើឡើង កាលពីខែកញ្ញា ឆ្នាំ ២០១៧ នៅប្រទេសប្រ៊ុយណេដែលជាប្រទេសម្ចាស់ផ្ទះ៕