រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំ រៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីប្រណាំងទូកនៅក្រុងតាខ្មៅ


(កណ្ដាល)៖ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់របស់ខ្លួនឲ្យបានល្អប្រសើរ ក្នុងពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ដែលប្រព្រឹត្តទៅនាថ្ងៃទី១២-១៣ ខែតុលា នាសប្តាហ៍ខាងមុខនេះ សំដៅធ្វើឲ្យពិធីនេះ ប្រព្រឹត្តទៅដោយរលូន ផ្តល់នូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។ នេះជាការលើកឡើង របស់លោក នៃ ចារី អភិបាលរងខេត្តកណ្តាល នៅក្នុងកិច្ចប្រជុំគណៈកម្មការ រៀបចំពិធីប្រណាំងអុំទូក ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាល។

អភិបាលរងខេត្ត បានណែនាំឲ្យគណៈបញ្ជាការឯកភាព ផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ត្រូវរៀបចំផែនការការពាររបស់ខ្លួន ឲ្យបានច្បាស់លាស់។ ត្រូវយកចិត្តទុកដាក់លើកិច្ចការពារ សន្តិសុខសណ្ដាប់ធ្នាប់ នៅតាមទីតាំង សំខាន់ៗ ក្នុងពិធីដែលបានកំណត់លើប្លង់ ជាពិសេសកម្លាំងត្រូវត្រៀមកម្លាំង ជួយសម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះនៅតាមដងផ្លូវសំខាន់ៗ ត្រូវរៀបចំកន្លែងសម្រាប់ចតយានយន្ត ឲ្យមានរបៀបរៀបរយល្អ។

ដោយឡែក សម្រាប់សណ្ដាប់ធ្នាប់នៅក្នុងទឹក លោកអភិបាលរងខេត្ត បានស្នើឲ្យអនុគណៈកម្មការសន្តិសុខសណ្ដាប់ធ្នាប់ ត្រូវត្រៀមអ៊ូប័រសម្រាប់ជួយសង្គ្រោះ នៅពេលមានគ្រោះថ្នាក់ផ្សេងៗនៅក្នុងពេលប្រណាំងទូក ត្រូវយកចិត្តទុកដាក់លើការរៀបចំសាឡុងបាញ់កាំជ្រួចនៅទីតាំងដែលមានសុវត្ថិភាពខ្ពស់។

ក្រៅពីនេះ លោកក៏បានណែនាំដល់អនុគណៈកម្មការទាំងអស់ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ត្រូវចូលរួមសហការគ្នា ដើម្បីធ្វើឲ្យពិធីនេះប្រព្រឹត្ត ទៅបានជោគជ័យ។

សូមជម្រាបថា ពិធីប្រណាំងទូកឆ្នាំនេះ មានទូក៦៣ចូលរួម ក្នុងនោះមានទូកផ្កាចា១៨ទូក ទូកនារី២ទូក ទូកអន្តរជាតិ១៩ទូក និងទូកង២៦ទូក។ រីឯមានកងកម្លាំងថែរក្សាសណ្ដាប់ធ្នាប់ មាន៦១៩នាក់, ស្តង់ពេទ្យ៤ស្តង់ និងរថយន្តសង្គ្រោះ៤គ្រឿង។ ត្រៀមប្រទីបតូចៗ៦,០០០ប្រទីប ប្រទីបធំ-មធ្យម៦ប្រទីប និងគោម១០០គោម មានការបាញ់កាំជ្រួច និងមានស្តង់ពិពណ៌ទំនិញ១៥០ស្តង់ផងដែរ៕