ពិធីដាំដើមក្រវ៉ាន់និមិត្តនៅមុខប្រាសាទអង្គរវត្ត


នៅព្រឹកថ្ងៃទី០៨ ខែតុលាឆ្នាំ ២០១៩ នេះបន្ទាប់ពី ពិធីបើក ជាផ្លូវការកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់មកឯកឧត្តម បណ្ឌិតសភាចារ្យ ក៏បានអញ្ជើញជាអធិបតីក្នុង ពិធីដាំដើមឈើផ្កាក្រវ៉ាន់ជានិមិត្តរូប៥០០ដើម នៅលើផ្ទៃដី ចំនួន ៨០អា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ផ្នែកខាងលិចជាមួយបណ្ដារដ្ឋមន្ត្រី ឧត្តមមន្ត្រីអាស៊ាន អគ្គលេខាធិការអាស៊ាន អាជ្ញាធរដែនដី ឧទ្យាននុរក្ស ក្រុមការងាររៀបចំកិច្ចប្រជុំអាស៊ាន យុវជនកាយរិទ្ធ យុវជនស.ស.យ.កខេត្ត ជាច្រើននាក់។កម្មវិធីដាំដើម ក្រវ៉ាន់នៅលើទឹកដីអង្គរខេត្តសៀមរាបនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងគោលបំណង ចង់រំលឹកឡើងវិញ និងបង្ហាញនូវរុក្ខជាតិ ឬ បុប្ផា សម្គាល់នៅភូមិសាស្ត្រ ទីតាំង ឬ ខេត្ត ដូចក្នុងអត្ថន័យសំឡេងមរតកដើមរបស់អធិរាជសំឡេងមាស ស៊ិនស៊ីសាមុត បានបង្ហាញតាមរយៈបទចម្រៀង ក្រវ៉ាន់សៀមរាប រំដួលក្រចេះ និងចំប៉ាបាត់ដំបងជាដើម។ ជាងនេះទៅទៀតកម្មវិធីនេះក៏ជាការជម្រុញ និងលើកកម្ពស់ទស្សនវិស័យ Clean and Green Asean គឺ អាស៊ានស្អាត និងបៃតង។