ព្រឹកថ្ងៃពុធ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈ៖
១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងអង្គការហាមឃាត់អាវុធគីមី។(សេចក្តីព្រាងច្បាប់នេះ ស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈព្រឹទ្ធសភា)។
២- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តី
ពីសំណង់។(សេចក្តីព្រាងច្បាប់នេះ ស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ សាធារណការ ដឹកជញ្ជូនអាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ព្រឹទ្ធសភា)។
៣- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។(សេចក្តីព្រាងច្បាប់នេះស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ព្រឹទ្ធសភា)។
៤- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។(សេចក្តីព្រាងច្បាប់នេះ ស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនី-យកម្ម និងសំណង់ព្រឹទ្ធសភា)។
៥- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តី
ពីរបបសន្តិសុខសង្គម។(សេចក្តីព្រាងច្បាប់នេះ ស្ថិតក្នុងវិស័យជាសម្ថកិច្ចរបស់គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីព្រឹទ្ធសភា)។
៦- ពិនិត្យ និងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជាលេខៈ០៣៦/១៩ លគ.គក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។
អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភា បានស្តាប់របាយការណ៍ ឯកឧត្តម អគ្គលេខាធិការ ព្រឹទ្ធសភា ស្តីពីសំណើរបស់រដ្ឋសភាសុំឱ្យព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់ ដោយចាត់ទុកជាការប្រញាប់ ហើយដែលស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មកាជំនាញពាក់ព័ន្ធដូចខាងលើ … ដោយអង្គប្រជុំពុំមានផ្តល់យោបល់ពិភាក្សាអ្វីបន្ថែមទៀតនោះ…អង្គប្រជុំក៏បានអនុម័តយល់ព្រមលើទម្រង់នៃសេចក្តីព្រាងច្បាប់ទាំង៥ខាងលើហើយប្រគល់ជូនគណៈកម្មការដែលជាវិស័យសមត្ថកិច្ច ដើម្បីពិនិត្យសិក្សាដោយចាត់ទុកជាការប្រញាប់ ហើយផ្តល់យោបល់រាយការណ៍ជូនមកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាវិញ និងអនុម័តយល់ព្រមលើសេចក្តីព្រាងសេចក្តីសម្រេចព្រមទាំងដាក់បញ្ចូលករណីប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី(របៀបវរៈទី៦)ទៅក្នុងរបៀបវរៈប្រជុំព្រឹទ្ធសភានាពេលខាងមុខ និងនីតិវិធីបន្តដូចដែលឯកឧត្តម អគ្គលេខាធិការ បានរាយការណ៍ជូន …។