ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជំរុញក្រុមការងារគ្រប់ជាន់ថ្នាក់ចុះ​មូលដ្ឋានខេត្ត​ន្ទាយមាន ជ័យ ឱ្យបន្តធ្វើវេទិកាសាធារណៈដើម្បីស្តាប់នូវកង្វល់សំណើ​ សំណូមពររបស់ប្រជាពលរដ្ឋ


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន​ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានជំរុញមន្ត្រី ក្រុមការងារ​​គ្រប់ជាន់ថ្នាក់ឱ្យបន្តការយកចិត្តទុកដាក់ថែមទៀតចុះធ្វើវេទិកាសាធារណៈនានា នៅមូលដ្ឋានដើម្បីស្តាប់នូវកង្វល់សំណើ សំណូមពររបស់ប្រជាពលរដ្ឋហើយរួមគ្នាដោះ ស្រាយឱ្យបានចំ​គោលដៅ និងទាន់ពេលវេលាមានប្រសិទ្ធភាព។

ការថ្លែងជំរុញបែបនេះក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល នៃការរៀបចំវេទិកាសាធារណៈរបស់ក្រុមការ ងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យដែលមានការចូលរួម យ៉ាងច្រើនពី សមាជិកសមាជិកានៃក្រុមការងារ​ថ្នាក់ជាតិថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុងកាលពីព្រឹក ថ្ងៃពុធ១១ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក​ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះនៅសាលាខេត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានថ្លែងបន្តថាការរៀបចំវេទិកា សាធារណៈនានានៅ​មូលដ្ឋាន គឺជាមធ្យោបាយដើម្បីលើកកម្ពស់ទំនាក់ទំនងផ្សាភ្ជាប់ រវាងរាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋ និងជាឱកាសដែលថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈ គ្រប់ថ្នាក់បានចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ដើម្បីបានឃើញដោយផ្ទាល់នូវជីវភាពរស់នៅរបស់ពួកគាត់នោះ។

លើសពីនេះ ក៏បានស្តាប់ដោយផ្ទាល់នូវទស្សនៈយោបល់របស់ប្រជាពលរដ្ឋ អំពីការដឹកនាំ ការគ្រប់គ្រងប្រទេសជាតិនិងបានស្តាប់ដោយផ្ទាល់នូវកង្វល់​សេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ព្រមទាំងបានឃើញដោយផ្ទាល់នូវបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីប្រមូលធាតុចូលពី​ប្រជាពលរដ្ឋ ក្នុងដំណើរការតាក់តែងក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ការរៀបចំផែនការយុទ្ធសាស្ត្រនានារួមទាំងដំណើរការពង្រឹងអភិបាលកិច្ច។

ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានសម្តែងនូវការកោត​​​សរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានរួមសហការគ្នា ប្រកបដោយការ ទទួលខុសត្រូវ និងភាពជាម្ចាស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដោះស្រាយរាល់បញ្ហា ប្រឈម នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននាពេលកន្លងមកប្រកបដោយ ប្រសិទ្ធភាព ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់​បន្ថយភាព ក្រីក្រនោះ៕​