ពិធីប្រគល់ពានរង្វាន់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ និងយុវជនឆ្នើមមេត្រីភាពអាស៊ានលើកទី១


នៅល្ងាចថ្ងៃ០៨ ខែតុលាឆ្នាំ២០១៩នេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ានបានទទួលរៀបចំពិធីប្រគល់ពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ានលើកទី៣ និង យុវជនឆ្នើមមេត្រីភាពអាស៊ានលើកទី១ សម្រាប់រដ្ឋជាសមាជិកអាស៊ានទាំងអស់តាមរយះមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន និងពិធីពិសារភោជនាអាហារពេលល្ងាច(Gala dinner) នៅសណ្ឋាគារសុខាល័យអង្គរខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវ ទន់ សាអីម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Dato Limjackhoi អគ្គលេខាធិការអាស៊ាន លោកជំទាវYukari Sato អនុរដ្ឋមន្រ្តីជាន់ខ្ពស់នៃប្រទេសជប៉ុន។ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការប្រគល់ពានរង្វាន់នៅរាត្រីនេះ គឺជាការទទួលស្គាល់សាលា និង យុវជនឆ្នើមរបស់យើងកំរិតតំបន់។ កន្លងមកការប្រគល់ពានរង្វាន់នេះ យើងហាក់បីដូចជាដាច់ឆ្ងាយបន្តិច ដោយសារការប្រគល់ពានរង្វាន់អាស៊ានបរិស្ថានលើកដំបូងនៅខែកក្កដា ឆ្នាំ២០១២ នៅប្រទេស ម៉ាឡេស៊ី ការប្រគល់ពានរង្វាន់លើកទី២ នៅខែកក្កដា ឆ្នាំ២០១៥ ដូចនេះការប្រគល់ពាន់រង្វាន់នៅឆ្នាំនេះ ថ្វីត្បិតតែយូរបន្តិច ប៉ុន្តែជាការឆ្លុះបញ្ចាំងពីឆន្ទៈសាលារបស់ប្រទេសនីមួយៗ ក្នុងយន្តការអភិវឌ្ឍន៍ដោយចីរភាព។បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តម អគ្គលេខាធិការអាស៊ាន និង ឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថានរួចមក បណ្តារដ្ឋមន្រ្តីប្រទេសអាស៊ានទាំង១០ និង អគ្គលេខាធិការអាស៊ាន បានអញ្ជើញចុចប៊ូតុង ជានិមិត្តសញ្ញាបើកកម្មវិធីប្រគល់ពានរង្វាន់។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកជំទាវ ទន់ សាអីម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អគ្គលេខាធិការអាស៊ាន លោកជំទាវYukari Sato អនុរដ្ឋមន្រ្តីជាន់ខ្ពស់នៃប្រទេសជប៉ុន បានអញ្ជើញប្រគល់ពានរង្វាន់ ដល់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ ដល់សាលាវិទ្យាល័យ និងអនុវិទ្យាល័យចំនួន ២០សាលា និងពានរង្វាន់យុវជនឆ្នើមមេត្រីភាពអាស៊ានលើកទី១ចំនួន២០នាក់មកពីប្រទេសអាស៊ានទាំង១០។