គម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងស្រែង ជំហានទី ២ សម្រេចការងារបានប្រមាណ ៩៩% ក្នុងភូមិស្រះកែវ


គម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងស្រែង ជំហានទី ២ សម្រេចការងារបានប្រមាណ ៩៩% ហើយ៖
បន្ទាប់ពីបានបញ្ចប់ការអនុវត្តជំហានទី ១ ដោយជោគជ័យរួចមក បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងស្រែង ជំហានទី ២ ស្ថិតនៅក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។ ការងារជាអាទិភាពនៅក្នុងជំហានទី ២ នេះ គឺការសាងសង់ទំនប់អាងទឹក ប្រវែង ២.៨០០ ម៉ែត្រ តភ្ជាប់ពីភ្នំមួយទៅភ្នំមួយ (ភ្នំកំបោរ ទៅភ្នំរូងដែក) ដែលមានសមត្ថភាពស្តុកទឹកបាន ២៥៨ លានម៉ែត្រគូប ។ ក្រោយពេលសាងសង់ជំហានទី ២ រួចរាល់ជាស្ថាពរ នៅអំឡុងខែមីនា ឆ្នាំ ២០១៧ ខាងមុខនេះ គម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងស្រែង នឹងផ្តល់ទឹកសម្រាប់យកទៅផ្គត់ផ្គង់ដីស្រែ ជាង ២៥.០០០ ហិកតា ក្នុងខេត្តចំនួន ៣ គឺខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តសៀមរាប ។ ទន្ទឹមនឹងនោះ គម្រោងនេះ ក៏នឹងដើរតួនាទីកាត់បន្ថយទឹកជំនន់ និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ផងដែរ ៕