លោកស្រីឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា បានលើកឡើង ថា ការដែលសង្គមស៊ីវិលមួយចំនួនសម្ដែងការខកចិត្ត ដែលរដ្ឋសភាបានអនុម័តលើសេចក្ដីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម ជារឿងរបស់ពួកគេ។
ប៉ុន្តែសម្រាប់លោកស្រី គឺពិតជាមានមោទនភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបង្កើតច្បាប់នេះឡើង ដោយមានគោលបំណងបង្កើត ឲ្យមានរបបសន្តិសុខសង្គមមួយ តាមគោលការណ៍សាមគ្គីធម៌សង្គម ដែលមាន៤ផ្នែកគឺ ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ ស ម្រាប់បុគ្គល ដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ គិតរួមទាំងបុគ្គ លិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍ជាដើម។
ការលើកឡើងនេះ បន្ទាប់ពីមានក្រុមសង្គមស៊ីវិលមួយចំនួន បានសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ ដោយបានសម្ដែងការខកចិត្ត និងសោកស្ដាយដែលរដ្ឋសភា បានបើកកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ខណៈសេចក្ដីព្រាងច្បាប់នេះ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងមិនបានផ្ដល់ឱកាសឲ្យអង្គការសង្គមស៊ីវិល ចូលរួមពិគ្រោះយោបល់ឲ្យបានពេញលេញជាដើម។
ប៉ុន្ដែបើតាមលោកស្រីលោកឡោក ខេង បានឲ្យដឹង ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាក្រសួងរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីរបបសន្តិសុខសង្គមនេះឡើង គឺបានរៀបចំសិក្ខាសាលាជាច្រើនលើករួចមកហើយ ដោយមានការចូលរួមពីតំណាងនយោជក់,តំណាងសហជីពកម្មករ,ដៃគូអភិវឌ្ឍន៍,និងភាគីពាក់ព័ន្ធផ្សេងទៀត។