សម្តេចតេជោ ហ៊ុន សែន ប្រាប់យុវជនកម្ពុជា កសាងទំនាក់ទំនងល្អ ជាមួយយុវជនអាស៊ាន-ជប៉ុន


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកយុវជនកម្ពុជា ដែលចូលរួមកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន» ឱ្យប្រឹងប្រែងផ្សារភ្ជាប់ និងកសាងទំនាក់ទំនងឱ្យបានល្អប្រសើរជាមួយយុវជនដទៃទៀតមកពីប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុន។ សម្តេចតេជោ បានប្រាប់យុវជនទាំងនេះថា ការកសាងទំនាក់ទំនងល្អនេះ ជាគុណប្រយោជន៍មួយនៅក្នុងការកសាងទំនាក់ទំនងល្អលើការងារផ្សេងៗរួមទាំងការងារប្រទេសជាតិផងដែរទៅថ្ងៃអនាគត។

ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអនុញ្ញាតឱ្យយុវជនកម្ពុជា ២៩រូប ដែលប្រលងជាប់ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ចូលជួបសម្តែងការគួរ និងទទួលនូវដំបូន្មានមួយចំនួនមុនចេញដំណើរទៅចូលរួមកម្មវិធីនៅប្រទេសជប៉ុន។

ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញជាច្រើនលើការដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យទទួលបាននូវសុខសន្តិភាព និងការរីកចម្រើនដូចពេលបច្ចុប្បន្ន។

ក្រៅពីលើកបង្ហាញលើការដឹកនាំ និងកសាងសង្គមជាតិហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញពីស្ថានការណ៍នៅក្នុងតំបន់ និងលើពិភពលោក ក៏ដូចជាសហគមន៍អាស៊ានផងដែរ ដើម្បីបានជាចំណេះដឹងជូនដល់យុវជនកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកបង្ហាញថា មានកត្តាអាទិភាពចំនួន៤ ដែលនាំឱ្យកម្ពុជាសម្រេចិត្តចូលជាសមាជិកអាស៊ាន។ កត្តាអាទិភាពទាំង៤នោះរួមមាន៖ ១៖ អាស៊ានមានគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា, ២៖ អាស៊ាន មានស្មារតីសហគមន៍ ពោលអាស៊ានសម្រេចរាល់កិច្ចការឈរលើស្មារតីកុងសង់ស៊ីស មិនមែនសម្រេចដោយការបោះឆ្នោត ឬ ដោយការដាក់ទណ្ឌកម្មនោះទេ,៣៖ ដោយសារផលប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយអាស៊ានមានដៃគូច្រើន និងទី៤៖ អាស៊ាន ជាច្រកចេញការទូតរបស់កម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រតិភូនាវាយុវជនទាំង២៩រូប រៀបចំខ្លួនឱ្យបានសក្ដិសមជាកូនខ្មែរ ព្រោះប្រតិភូនេះជាតំណាងឱ្យប្រជាជនខ្មែរទូទាំងប្រទេសប្រមាណ ១៦លាននាក់ ហើយក៏ត្រូវធ្វើយ៉ាងណាកសាងមិត្តភាព ទំនាក់ទំនង ឱ្យបានច្រើនដើម្បីថ្ងៃអនាគតអាចក្លាយទៅជាដៃគូ សហប្រតិបត្តិការដ៏ល្អ។

សូមបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៤ តាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋាភិបាលជប៉ុន និងសមាជិកស្ថាបនិកទាំង៥របស់អាស៊ាន រួមមាន៖ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពិន និងថៃ។

សម្រាប់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៦ ឆ្នាំ២០១៩នេះ មានរយៈពេល៥២ថ្ងៃចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។ ប្រតិភូនាវាយុវជននៃបណ្តាប្រទេសជាសមាជិកអាស៊ាន នឹងធ្វើដំណើរទៅជួបជុំគ្នានៅប្រទេសជប៉ុន មុននឹងចុះនាវា ដើម្បីធ្វើដំណើរតាមផ្លូវទឹកពីប្រទេសជប៉ុនទៅកាន់ប្រទេសវៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ហើយជាចុងក្រោយនាវានឹងត្រឡប់ទៅប្រទេសជប៉ុនវិញ ដើម្បីប្រារព្ធកម្មវិធីបិទនៅថ្ងៃទី១២ នឹងវិលត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងក្របខណ្ឌអាស៊ាន រាជរដ្ឋាភិបាលកម្ពុជា តែងបានបញ្ជូនប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ឱ្យទៅចូលរួមជាផ្លូវការក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននេះជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ។ ក្រៅពីការចូលរួមនៅក្នុងកម្មវិធីនេះ ប្រទេសកម្ពុជាក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍អន្តរជាតិចំនួនពីរលើកក្នុងឆ្នាំ២០០៧ និងឆ្នាំ២០១៦នៅខេត្តសៀមរាប។

ប្រទេសកម្ពុជា ក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះទទួលកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនចំនួន២លើកដូចគ្នា គឺនៅឆ្នាំ២០១៤ និងឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ និងរាជធានីផ្នំពេញ ហើយប្រតិភូត្រូវបានអនុញ្ញាត ឱ្យចូលជួបសម្តែងការគួរសមដ៏ខ្ពង់ខ្ពស់ជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពផងដែរ។

សម្តេចតេជោ ហ៊ុន សែន តែងបានអនុញ្ញាឱ្យប្រតិភូនាវាយុវជន នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន បានចូលជួបសំណេះសំណាលមុនចេញដំណើរ។

ការអនុញ្ញាតឱ្យយុវជនកម្ពុជា បានជួបសម្តែងការគួរសមនេះ គឺជាការលើកទឹកចិត្តដ៏ធំធេងបំផុតដល់យុវជន ក្នុងបេសកកម្មរបស់ប្រតិភូនាវាយុវជន ដែលជាទូតសុឆន្ទៈ និងជាឃោសនិក ត្រូវផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ដ៏សម្បូណ៌បែប និងស្ថានភាពពិតប្រាកដរបស់កម្ពុជា។ ជាពិសេសការបង្ហាញអំពីសច្ចភាពពិតប្រាកដតាមរយៈសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យនៅកម្ពុជា៕