សម្ដេចតេជោ ហ៊ុន សែន បង្ហាញគោលដៅសំខាន់២ នៃគោលនយោបាយការពារជាតិ គឺធ្វើឲ្យមានសន្ដិភាព និងកសាងឱកាសអភិវឌ្ឍន៍ជាតិ


ក្នុងសារលិខិតជូនពរ ខួបលើកទី២៥ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ នាយឧត្តមសេនីយ៍ ផ្កាយមាស៥ផុតលេខ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវគោលដៅសំខាន់២ នៃគោលយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺធ្វើឲ្យមានសន្ដិភាព ស្ថិរភាពយូរអង្វែង និងកសាងឱកាសសម្រាប់ការអភិវឌ្ឍ។

សារលិខិតដែលបង្ហាញនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សន្តិភាព ស្ថិរភាពនយោបាយ និងភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ននេះ ក៏កំពុងតែផ្តល់ឱកាសមួយសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាព កងយោធពលខេមរភូមិន្ទផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា ក្នុងន័យនេះ ចំពោះកងពលតូចលេខ៧០ ក៏ដូចជាបណ្តាកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវបន្តជំរុញយកចិត្តទុកដាក់ លើការងារកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឲ្យមានប្រសិទ្ធភាព និងធ្វើយ៉ាងណាកសាងពង្រឹងអង្គភាព ឲ្យបានរឹងមាំលើគ្រប់វិស័យ ដែលជាមូលដ្ឋានដ៏ចាំបាច់ធានាឲ្យការដឹកនាំបញ្ជា ការកសាងកម្លាំង និងការពង្រឹងប្រៀបការពារជាតិរឹងមាំ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងនូវការគាំទ្រ និងនៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើការងារដោះស្រាយជីវភាព
ថវិការបបឧបត្តម្ភផ្សេងៗ និងការបំពាក់សម្ភារស្របតាមស្ថានភាព នៃសេដ្ឋកិច្ចជាតិ ព្រមទាំងការផ្តល់នូវកិត្តិយស និងការគោរពដោយសេចក្តីថ្លៃថ្នូរ ចំពោះកងយោធពលខេមរភូមិន្ទ ក្នុងន័យជាការតបស្នងដល់គំរូវីរភាព និងគុណូបការៈដ៏ឧត្តុងឧត្តមរបស់កងយោធពលខេមរភូមិន្ទ។

យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា ទោះបីជាកម្ពុជា មានមោទនភាពចំពោះស្នាដៃ និងសមិទ្ធផលជាច្រើន ដែលសម្រេចបានមកហើយយ៉ាងណាក្តី ប៉ុន្តែយើងទាំងអស់គ្នាក៏សុទ្ធតែបានជ្រួតជ្រាបថា ឆ្នាំ២០១៩នេះ បើទោះបីជាកម្ពុជា ទទួលរងឥទ្ធិពលតិចតួច ឬដោយប្រយោល ពីស្ថានការណ៍អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ជាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទនៅតែជាកម្មវត្ថុដ៏សំខាន់ ប្រកបដោយគ្រោះថ្នាក់ គួបផ្សំនឹងភាពផុយស្រួយដែលបង្កឡើងដោយការវិវត្តប្រែប្រួល នៃសភាពការណ៍អន្តរជាតិ។

ការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆិតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច ដែលចាំបាច់ទាមទារឲ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ៕