នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ១៤ -១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប លើកទី១៩ ដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តនៅដងស្ទឹងសង្កែ។
ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត អភិបាលក្រុង ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាការប្រណាំងទូកយ៉ាងច្រើនកុះករផងដែរ ។ នៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប ខេត្ត មានកីឡាករ កីឡាការិនី បានចូលរួមចំនួន ១.០៦៥នាក់ និង ទូកចូលរួមប្រកួតចំនួន ២៦ទូក ក្នុងនោះទូកខ្លីចំនួន ២០ទូក ទូកវែងចំនួន ៦ទូក ។
សូមបញ្ជាក់ថា គណៈកម្មការរៀបចំពិធីបុណ្យអុំទូកខេត្ត បានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប ដែលមានរយៈពេល ២ថ្ងៃ ចាប់ថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅស្ទឹងសង្កែ ក្រុងបាត់ដំបង ៕