រូបសំណាក់ដំរី កម្ពស់ជិត៣ម៉ែត្រ សាងសង់អំពីគ្រឿងរណាយន្ត នឹងត្រូវដាក់តាំងលើបរិវេណសួនច្បារសែនមនោរម្យ ដើម្បីបង្ហាញដល់សាធារណៈជន និងភ្ញៀវទេសចរ មកទស្សនាកំសាន្តក្នុងខេត្តមណ្ឌលគិរី


មណ្ឌលគិរី៖ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក លី សាមិ សមាជិកក្រុមប្រឹក្សាខេត្ត រួមទាំងក្រុមការងារគណៈកម្មការរៀបចំសាងសង់សួនច្បារសែនមនោរម្យ បានចុះពិនិត្យមើលទីតាំង ដើម្បីដាក់តាំងរូបសំណាក់ដំរី សាងសង់អំពីគ្រឿងរណាយន្ត និងជាវត្ថុតាំងដែលរឹបអូសបានពីជនល្មើសនានា ដើម្បីដាក់តាំងនៅលើបរិវេណសួនច្បារសែនមនោរម្យ ឱ្យមានសោភ័ណ្ឌភាពល្អ និងអាចឱ្យសាធារណៈជន ក៏ដូចជាភ្ញៀវទេសចរ មកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឱ្យដឹងថា ការរៀបចំដាក់តាំងរូបសំណាក់ដំរី នៅលើសួរច្បារសែនមនោរម្យ ក្នុងក្រុងសែនមនោរម្យនាពេលខាងមុខនេះ គឺជារូបសំណាក់ដែលកែឆ្នៃអំពីគ្រឿងរណាយន្ត និងជាវត្ថុតាំងដែលមន្រ្តីជំនាញរឹបអូសបានពីជនល្មើសនានា ដែលលួចកាប់ឈើកន្លងមកក្នុងខេត្តមណ្ឌលគិរី។

ឯកឧត្តម បញ្ជាក់ថា រូបសំណាក់ដំរីនេះ មានកម្ពស់២.៨០ម៉ែត្រ សាងសង់ពីគ្រឿងរណាយន្ត ដើម្បីតម្កល់ទុកជាវត្ថុតាំង ដល់សាធារណជន ដូច្នេះ ក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញ បានធ្វើគម្រោងស្នើសុំទៅក្រសួង ដើម្បីយកវត្ថុតាំងទាំងនេះ កែឆ្នៃទៅជារូបដំរី ដើម្បីដាក់តាំងលើសួនច្បារសែនមនោរម្យ ក្នុងគោលបំណង

ទី១. កែលម្អបរិវេណសួនច្បារ សម្រាប់ឱ្យប្រជាពលរដ្ឋចូលទស្សនាមើល

ទី២. រូបសំណាក់ដំរីនេះ ដែលសាងសង់អំពីគ្រឿងរណាយន្តទាំងអស់ ដែលជាវត្ថុតាំង បម្រើការងារឱ្យបទល្មើសដែលរឹបអូសបានពីជនល្មើស និងដើម្បីតម្កល់ទុក ក៏ដូចជាសារមន្ទីរមួយ បង្ហាញពីការកែឆ្នៃ ការដាក់តាំង ទុកឱ្យសាធារណៈជន និងកូនចៅជំនាន់ក្រោយ។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទៅ សូមកុំប្រព្រឹត្តបទល្មើសព្រៃឈើ ពិសេស ការកាប់ទន្ទ្រានដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធ ហើយក៏សូមបញ្ឈប់មុខរបរកាប់ឈើ ដើម្បីយកទៅលក់ ដែលជាមុខរបរបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និងបំផ្លាញនូវធនធានធម្មជាតិ ឱ្យងាកមកបង្កបង្កើនមុខរបរណាដែលត្រឹមត្រូវ ដូចជាការដាំដុះដំណាំកសិឧស្សាហកម្ម ដែលជាមុខរបរយូរអង្វែង។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា ការសាងសង់រូបសំណាក់ដំរីនេះ ដោយមានការផ្តួចផ្តើមពីដឹកនាំក្រសួងបរិស្ថាន ក៏ដូចជាអាជ្ញាធរខេត្ត សម្របសម្រួលដោយមន្ទីរបរិស្ថានខេត្ត និងមានការចូលរួមឧបត្ថម្ភពីអង្គការដៃគូនានា ដូចជា អង្គការWWF អង្គការWCS និងក្រុមហ៊ុនរ៉េនីសង់ គម្រោងBCC ដូច្នេះ មន្ទីរបរិស្ថានខេត្ត បានរៀបចំកៃឆ្នៃគ្រឿងរណាយន្ត ដែលមន្រ្តីជំនាញរឹបអូសពីជនល្មើស ដើម្បីសាងសង់ធ្វើជារូបសំណាក់ដំរី ចំនួន០១ ដែលមានកម្ពស់២.៨០ម៉ែត្រ ចំណាយថវិកាប្រមាណជាង ២ម៉ឺនដុល្លា មិនទាន់គិតសម្ភារៈ ដោយរាប់បញ្ចូលទាំងថ្លៃដឹកជញ្ចូន និងការរៀបចំដាក់តាំងរូបសំណាក់ដំរី លើបរិវេណសួនច្បារ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនេះតែម្តង៕