ឯកឧត្តម វេង សាខុន បានអញ្ជើញជួបជាមួយ លោក MATTHEY MORELL អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI)


នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណប្រតិភូបានអញ្ជើញជួបជាមួយ លោក MATTHEY MORELL អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើជាដៃគូជាមួយវិទ្យាស្ថានស្រាវជ្រាវស្រូ វអន្តរជាតិ (IRRI) អស់រយៈពេលជិត ៤០ឆ្នាំ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដោយបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការកាត់បន្ថយភាពអត់ឃ្លាន អត្រាភាពក្រីក្រ និងទទួលបាននូវសន្តិសុខស្បៀង។
កន្លងទៅនេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅឯស្នាក់ការកណ្តាលវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ នាទីក្រុងម៉ានីឡា នៃប្រទេសហ្វីលីពីន និងបានរួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារយុទ្ធសាស្រ្តពូជដំណាំជាតិ។ តាមរយៈនៃការអនុវត្តនូវឯកសារយុទ្ធសាស្រ្តនេះ ត្រូវបានរំពឹងទុកថានឹងអាចជួយឱ្យកសិករនៅកម្ពុជាទទួលបាននូវប្រភេទពូជដែលមានគុណភាពខ្ពស់សម្រាប់ធ្វើការបង្កបង្កើនផលនាពេលខាងមុខ។
លោកអគ្គនាយក បានបញ្ជាក់ថា វិទ្យាស្ថានមានបំណងស្នើិកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន-បូកបី នូវគម្រោងបង្កើតសេនេទិចស្រូវថ្មីដែលធន់នឹងអាកាសធាតុនិងតម្លៃបន្ថែមសម្រាប់អាស៊ាន ហើយ លោកអគ្កនាយក សង្ឃឹមថាកម្ពុជា នឹងគាំទ្រដល់សំណើនេះនៅក្នុងកិច្ចប្រជុំនេះ។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថាដោយទទួលបានកិច្ចសហប្រតិបត្តិការនិងការគាំទ្រពី IRRI កន្លងមក កម្ពុជាបានទទួលបាននូវប្រភេទស្រូវដែលមានគុណភាពល្អៗ និងមានឈ្មោះបោះសម្លេងនៅលើទីផ្សារអន្តរជាតិ។ ដោយឡែកចំពោះគម្រោងដែល IRRI គ្រោងបង្កើតនូវសេនេទិចស្រូវសម្រាប់អាស៊ាន គឺពិតជាគម្រោងល្អ ដែលនឹងអាចផ្តល់ផលប្រយោជន៍ថ្មីបន្ថែមទៀតដល់បណ្តាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាពិភពលោកទាំងមូល ដូច្នេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា នឹងគាំទ្រដល់គម្រោងនេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន-បូកបីដើម្បីឱ្យគម្រោងនេះទទួលបានជោគជ័យ។