លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡេ មិញខាយ អគ្គអធិការ នៃអគ្គលេខាធិការដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅប្រទេសវៀតណាម


ជំនួបការងាររវាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយនិងឯកឧត្តម ឡេ មិញខាយ អគ្គអធិការ នៃអគ្គលេខាធិការដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានប្រារព្ធឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នារសៀលថ្ងៃទី ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបានបានប្រសាសន៍ថា៖ តាមរយៈ ជំនួបនាថ្ងៃនេះគឺជាការអនុវត្តតាមអនុសារណៈយោគយល់គ្នារវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងអធិការកិច្ចរដ្ឋាភិបាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច ដែលបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ ២០០៥ ។

លោកជំទាវក៏បានស្នើឲ្យ ឯកឧត្តម ឡេ មិញខាយ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថានជាតិអធិការកិច្ច ជាពិសេស ផ្នែកស្រាវជ្រាវ និងបោះពុម្ពផ្សាយ និងផ្តល់គ្រូជំនាញដើម្បីទៅបង្រៀននៅវិទ្យាស្ថានជាតិអធិការកិច្ច រយៈពេលខ្លី និងរយៈពេលមធ្យម ។

ជាការឆ្លើយតប ឯកឧត្តម ឡេ ម៉ិញខាយ ក៏បានឯកភាពទាំងស្រុងលើសំណើសុំរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រោះថា ការបញ្ជូនគ្រូឧទ្ទេសនាមពីប្រទេសវៀតណាមទៅបង្រៀនដល់មន្ត្រីនៅវិទ្យាស្ថានជាតិអធិការកិច្ចនោះ គឺភាគីកម្ពុជាអាចមានលទ្ធភាពបញ្ជូនមន្ត្រីរាជការមកទទួលការ បណ្តុះបណ្តាលបានច្រើននាក់ ។

បន្ទាប់មកទៀត លោកជំទាវក៏បានអញ្ជើញ ឯកឧត្តម ឡេ មិញខាយ អញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនៈកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាណាមួយដ៏សមស្របក្នុងឆ្នាំ ២០២០ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងការងារអធិការកិច្ចរវាងប្រទេសទាំងពីរក្នុងការទប់ស្កាត់នូវអំពើពុករលួយ និងបាតុភាពអសកម្មនានា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេស ។