សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ប៊ុលហ្គារី អញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣


បន្ទាប់ពីមានជំនួបពិភាក្សាគ្នាប្រកបដោយលទ្ធភាពដ៏ត្រចះត្រចង់រួចមក ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម ប៊ួយកូ បូរីសូវ (Boyko Borissov)
នាយករដ្ឋមន្ត្រីប៊ុលហ្គារី បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារៈសំខាន់ៗចំនួន០៣ រួមមាន៖

១) កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស រវាងរាជរដ្ឋាភិ​បាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងរដ្ឋាភិបាល នៃសាធារណរដ្ឋប៊ុលហ្គារី។

២) កម្មវិធីសម្រាប់កិច្ចសហប្រតិបត្តិការវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ នៃសាធារណរដ្ឋប៊ុលហ្ការី ។

៣) អនុស្សារណ:យោគយល់គ្នា រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានការទូតនៃក្រសួងការបរទេសប៊ុលហ្គារី ដែលជាការជំរុញទំនាក់ទំនង នៃប្រទេសទាំងពីរ កម្ពុជា-ប៊ុលហ្គារីឲ្យកាន់តែរឹងមាំរីកចម្រើនទ្វេឡើងថែមទៀត។

​​បន្ទាប់មកប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្គារី ក៍បានអញ្ជើញធ្វើសេចក្តីប្រកាសពត៌មានរួមទាក់ទិនទៅនិងលទ្ធផល នៃជំនួបកំពូលនៃមេដឹកនាំទាំងពីរផងដែរ៕