សន្និបាតបូកសរុបសមិទ្ធផលការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅការងារអនុវត្តបន្ត៥ឆ្នាំ ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់អូរតាវ៉ៅ៊ ក្រុងប៉ៃលិន ខេត្តប៉ៃលិន


នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ គណៈកម្មាធិការគណបក្សប្រជាជនសង្កាត់អូរតាវ៉ៅ បានរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររយៈពេល៥ឆ្នាំអាណត្តិទី៣(២០១២-២០១៧) និងលើកទិសដៅការងារអនុវត្តបន្ត៥ឆ្នាំសម្រាប់អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ ក្រោមអធិបតីភាពឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន ដោយអង្គសន្និបាតមានការអញ្ជើញចូលរួមពីក្រុមការងារគ្រប់ថ្នាក់ចុះជួយសង្កាត់ គណៈកម្មាធិការបក្សសង្កាត់ សាខាបក្សភូមិគ្រប់ភូមិ និងសមាជិក សមាជិកាអង្គសន្និតសរុបចំនួន ៣៩៣រូប។

អង្គសន្និបាតបានធ្វើការបូកសរុបសមិទ្ធិផលសកម្មភាពការងាររយៈពេល៥ឆ្នាំកន្លងមក និងលើកទិសដៅភារកិច្ចការងារ៥ឆ្នាំបន្ត ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់អូរតាវ៉ៅ ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ី ឈាន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា និងថ្នាក់ដឹកនាំគណបក្សសង្កាត់ ព្រមទាំងក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់អូរតាវ៉ៅទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចបំរើប្រជាជនបានល្អ នៅក្នុងសង្កាត់ទាំងមូល ដោយធ្វើការអភិវឌ្ឍន៍ ជាបន្តបន្ទាប់តាំងពីអាណត្តិទី១ ទី២ និងទី៣ ដោយគណបក្សប្រជាជនកម្ពុជា មានការរីកចំរើនគួឲ្យកត់សំគាល់ ផ្ទុយស្រឡះពីអតីតកាលដែលយើងមិនមានអ្វីសោះ មិនតែប៉ុណ្ណោះគណបក្សសង្កាត់បានលើកទិសដៅ៥ឆ្នាំសម្រាប់អាណត្តិទី៤បន្ត ឆ្នាំ​២០១៧-២០២២ ឆ្ពោះទៅការអភិឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យ ដើម្បីបង្កើតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទ និងទីប្រជុំជនក្នុងសង្កាត់ ដែលមានចំណុចសំខាន់ៗដូចជា ៖
– លើកកម្ពស់​ស្ថានភាពសង្គម-សេដ្ឋកិច្ចនៅជនបទ។
– ពង្រឹង និងលើកកម្ពស់សិទ្ធអំណាចសហគមន៍នៅមូលដ្ឋានភូមិ សង្កាត់ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការពឹងផ្អែកដោយខ្លួនឯងបាន។
– បន្តថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រក្សាបានការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរម្មនា។
– បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែខ្លាំងក្លា និងកាន់តែមានប្រសិទ្ធភាព។
– ប្រឆាំង ទប់ស្កាត់អំពើរំលោភច្បាប់ អំពើពុករលួយ ការជួញដូរ និងចែកចាយគ្រឿងញៀនខុសច្បាប់។
– បន្តផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋទីទ័លក្រីក្រនៅមូលដ្ឋានផ្ទាល់។
– គ្រប់គ្រងថែរក្សា បរិស្ថានធនធានធម្មជាតិ និងមរតកវប្បធម៌ឲ្យបានល្អគង់វង្ស ដើម្បីពង្រឹង ពង្រីកវិស័យទេសចរណ៍មូលដ្ឋាន។

អង្គសន្និបាតបានធ្វើការបោះឆ្នោតស្ទាបស្ទង់មតិបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤បន្តទៀត ដើម្បីធានាបាន សមភាព តម្លាភាព យុត្តិធម៌ និងប្រជាធិបតេយ្យ ចំពោះសមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។