បើ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ឈ្នះឆ្នោត ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត​ដឹកនាំ​ប្រទេសជាតិ គឺ​មិន​យកពន្ធ​លើដី​ស្រែចំការ និង​ប្រាក់ខែ​អប្បបរមា មិន​ជាប់ពន្ធ​ទេ


(​ហុង​គ្រី​)៖ កាលពី​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ នៅពេល​អញ្ជើញ​មកដល់​សណ្ឋាគារ​ស្នាក់នៅ ក្នុងប្រទេស​ហុង​គ្រី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ផ្តល់​កិត្តិយស ជួបជុំ​សំណេះសំណាល​ជាមួយ​កូនក្មួយ​និស្សិត​ខ្មែរ ដែល​កំពុង​សិក្សា​នៅក្នុង​ប្រទេស​ហុង​គ្រី (Hungary) ជាច្រើនរូប​។ សម្តេច​តេ​ជោ សប្បាយរីករាយ ដែល​បាន​យក​ពេលវេលា​ដ៏​មានតម្លៃ មកជួប​កូនក្មួយ​និស្សិត​នៅទីនេះ​។ សម្តេច​ក៏បាន​ប្រកាសថា បើ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ឈ្នះឆ្នោត ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​បន្ត​ដឹកនាំ​ប្រទេសជាតិ គឺ​១)​រាជរដ្ឋាភិបាល​មិន​យកពន្ធ​លើដី​ស្រែចំការ​របស់​បង​ប្អូន​ប្រជាកសិករ​ឡើយ​។ ២)​បៀវត្សអប្បបរិមា ទោះបី​ឡើងដល់​ណា ក៏​អត់​ជាប់ពន្ធ​ដែរ​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ដល់​ក្មួយៗ ដែល​បានមក​បន្ត​ការ​សិក្សា​​នៅក្នុង​ប្រទេស ដែលមាន​ការរីកចម្រើន​ដូចជា​ប្រទេស​ហុង​គ្រី​នេះ ជាដើម​។ តាម​ការសាកសួរ​ពី សម្តេច​តេ​ជោ គឺមាន​និស្សិត​យើង មកពី​ខេត្ត​មួយចំនួន ដូចជា ស្វាយរៀង​, បាត់ដំបង​, កណ្តាល​, រតនគិរី​, បន្ទាយមានជ័យ​, ភ្នំពេញ និង​តាកែវ​។ និស្សិត​មួយចំនួន ក្រោយពី​ចប់​ការសិក្សា​ហើយ ក៏មាន​ការងារ​ធ្វើជា​មួយក្រុម​ហ៊ុន​ផ្សេងៗ នៅទីនេះ​តែម្តង​។ ភាគច្រើន​និស្សិត ដែល​មក​រៀន​នៅទីនេះ គឺមាន​កម្រិត​បរិញ្ញាប័ត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​។

​សម្តេច​តេ​ជោ បាន​គាំទ្រ និង​លើកទឹកចិត្ត​ដល់​និស្សិត​ខ្មែរ អោយខិត​ខំរៀន​សូត្រ គោរព​ច្បាប់​ប្រទេស​គេ ហើយ​បន្ត​សិក្សា​អោយបាន​ជ្រៅជ្រះ ប្រសិនបើ​ជួប​ការលំបាក​លើ​បញ្ហា​អ្វីមួយ ក្នុងពេល​សិក្សា គឺ​រាជរដ្ឋាភិបាល នឹង​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​កូនក្មួយ​និស្សិត​គ្រប់ៗ​គ្នា ដូចជា​ចំណុច​មួយ ដែល​និស្សិត​ស្រី​ម្នាក់ បានលើកឡើង គឺ​ប្រសិនបើ​សិក្សា​នៅក្រៅ​ប្រទេស​ហើយ​អស់​បួ​ក​ហើយ ហើយ​ក្នុង​កិច្ចសន្យា បើ​រៀន​ចប់​ហើយ ត្រូវតែ​វិលត្រឡប់​ទៅកាន់​ប្រទេស​វិញ​។​

​សម្តេច​តេ​ជោ នឹង​ដោះស្រាយ​ជូន​មិនអោយ​កូនក្មួយ​និស្សិត​ពិបាក​ទេ ក្នុងការ​សិក្សា បើ​កូនក្មួយ​ត្រូវ​បន្ត​ការសិក្សា​យក​ថ្នាក់ខ្ពស់​ថែមទៀត គឺ​មិនចាំបាច់​វិល​ទៅ​ប្រទេស​វិញ​ឡើយ គឺអាច​នៅ​បន្ត​ការសិក្សា​បាន បើ​មាន​អាហារូបករណ៍​សិក្សា​បន្ត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាប​កូនក្មួយ​អំពី​ស្ថិរភាព​នយោបាយ សង្គម សេដ្ឋកិច្ច​ដែល​កំពុង​ជំរុញ​ដល់​ការរីកលូតលាស់​នៃ​ប្រទេសជាតិ​។ ទន្ទឹមនឹងនេះ ចំណូល​ពន្ធ ក៏មាន​ការកើនឡើង គួរ​ជាទី​មោ​ទក​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាប​ប្រាប់​កូនក្មួយ ក៏ដូចជា​មន្ត្រីរាជការ​អោយបាន​ជ្រាបថា ចំពោះ​ប្រាក់​បៀរ​វត្ស​ន៍​អប្ប​បរិ​មា ទោះបី​ឡើងដល់​ណា ក៏​រដ្ឋាភិបាល​អត់​យក​ពន្ធ​ដែរ ដូចជា​ប្រាក់ខែ​គ្រូបង្រៀន ដែល​ឡើង​ពី ១​លាន ២​សែន ទៅ ១​លាន ៣​សែន គឺ​អត់​យកពន្ធ​ទេ​។ ក្រសួង​សេដ្ឋកិច្ច នឹង​ប្រកាស​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​ជា​ផ្លូវការ​។​

​សម្តេច​តេ​ជោ បាន​លើក​បញ្ជាក់​សាជាថ្មី ជម្រាប​ដល់​កូនក្មួយ​ក៏ដូចជា​ពលរដ្ឋ ជាពិសេស​កសិករ​អោយបាន​ជ្រាបថា ល្គឹកណា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ឈ្នះឆ្នោត ហើយ សម្តេច​តេ​ជោ នៅតែ​បន្ត​ដឹកនាំ​ប្រទេសជាតិ គឺ ១)​រាជរដ្ឋាភិបាល​មិន​យកពន្ធ​លើដី​ស្រែចំការ​របស់​បង​ប្អូន​ប្រជាកសិករ​ឡើយ​។ ២)​បៀវត្សអប្បបរិមា ទោះបី​ឡើងដល់​ណា​ក៏​អត់​ជាប់ពន្ធ​ដែរ​។​

​នៅក្នុង​ឱកាស​នៃ​ការ​សំណេះសំណាល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ដល់​ក្មួយៗ ដែល​បាន​អាហារូបករណ៍​នៅ​ហុង​គ្រី អោយ​ខិតខំ​សិក្សា​រៀនសូត្រ ធ្វើជា​និស្សិត​ល្អ កូន​ល្អ ជា​ពលរដ្ឋ​ល្អ និង​ជា​ធនធាន​ល្អ​របស់​ប្រទេសជាតិ​។ សម្តេច​តេ​ជោ បាន​ជូនពរ​អោយ​ក្មួយៗ​ជោគជ័យ​ក្នុង​ជីវិត​គ្រប់ៗ​គ្នា​។​

​សូម​រម្លឹកថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទឹកដី​អឺរ៉ុប ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ ដោយ​ចាប់ផ្តើម​មុនគេ​នៅ​ប្រទេស​ឆេ​ក ហុង​គ្រី និង​ចុងក្រោយ នៅ​ប្រទេស​ប៊ុលហ្គារី​៕