ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី អមដំណើរដោយសមាជិក សមាជិកា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា រដ្ឋសភា រួមមាន៖ ១-ឯកឧត្តម ឈាង វុន ២-ឯកឧត្តម យ៉ង់ សែម ៣- លោកជំទាវបណ្ឌិត បាន ស្រីមុំ ៤- ឯកឧត្តមឈិត គឹមយាត ៥- ឯកឧត្តម សុខ សូកាន ព្រមទាំងមន្រ្តីជំនួយការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា បានអញ្ជើញទៅចូលរួមហាសន្និបាតសហភាពអន្តរសភា(IPU) លើកទី១៤១ កាលពីថ្ងៃទី១៣-១៧ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។
ក្នុងឱកាសនៃមហាសន្និបាតនេះ លោកជំទាវ ម៉ាចា ហ្សកកូវិច (Maja Gojkovic) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋស៊ែប៊ី ត្រូវបានមហាសន្និបាតជ្រើសតាំង ជាប្រធានមហាសន្និបាតសហភាពអន្តរសភាលើកទី១៤១ អមដោយលោកជំទាវ ហ្គាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា និងអគ្គលេខាធិការ ម៉ាទីន ឈុនហ្គុង (Martin Chungong)។
មហាសន្និបាតមានសមាជិក ចូលរួមចំនួនជាង ២ ០០០នាក់ មកពី ១៤៩ប្រទេស ក្នុងនោះមានប្រធានសភាចំនួន៧០នាក់ និងអនុប្រធានសភាចំនួន៤០ និងសមាជិក សមាជិកាសភា ក្នុងនោះសមាជិកសភា វ័យក្មេង ចំនួន១៧% និងសមាជិកសភាជាស្រ្តីមានចំនួន៣០% រួមទាំងសមាជិកសង្កេតការណ៍ និងអង្គការដៃគូមួយចំនួន។
១- មហាសន្និបាតសហភាពអន្តរសភាលើកទី១៤១នាឱកាសមហាសន្និបាត ក្រោមមូលបទ “ការពង្រឹងច្បាប់អន្តរជាតិ៖ តួនាទី យន្តការសភា និងការចូលរួមចំណែកកិច្ចសហប្រតិបត្តិការក្នុងតំបន់” លោកជំទាវប្រធានគណៈប្រតិភូ បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃច្បាប់អន្តរជាតិ ក្នុងការថែររក្សាសន្តិសុខ សន្តិភាព និងការអភិវឌ្ឍន៍ ជាពិសេសការពង្រឹងយន្តការពហុភាគី ដែលមានលក្ខណៈទូលំទូលាយ ប្រកបដោយបរិយាប័ន្ននិងមានប្រសិទ្ធភាព។
លោកជំទាវក៏បានលើកឡើងពីភាពចាំបាច់នៃការគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋណាមួយ ការគោរពអធិបតេយ្យគ្នាទៅវិញទៅមក ការពឹងពាក់គ្នាទៅវិញទៅមកជាវិជ្ជមាន ដើម្បីកសាងសណ្តាប់ធ្នាប់ពិភពលោកមួយដែលផ្អែកលើវិធានច្បាប់ និងតួនាទីរបស់សភានៅក្នុងការជំរុញកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សភាកម្ពុជាបានប្តេជ្ញាបន្តចូលរួមយ៉ាងសកម្មថែមទៀតក្នុងការគោរពសមភាព បរិយាប័ន្ន គោរពគ្នាទៅវិញទៅមក ភាពថ្លៃថ្នូរ និងសាមគ្គីភាព។ ពិសេសកម្ពុជាបានស្នើបន្ថែមនូវគោលការណ៍ពីរទៀត គឺ “ពិពិធកម្ម និងការគោរពអធិបតេយ្យភាព” ដែលជាសសរស្តម្ភដ៏សំខាន់នៃសន្តិភាព និងវិបុលភាពសកលលោក។
ទាក់ទងនឹងបញ្ហាកម្ពុជា លោកជំទាវបានសង្កត់ធ្ងន់ថា បច្ចុប្បន្នសន្តិភាព និងការអភិវឌ្ឍន៍ដែលរកបានដោយលំបាក កំពុងមានភាពផុយស្រួយនៅឡើយ ដោយសារការកើនឡើងនៃនយោបាយប្រជាភិថុត ជ្រុលនិយម និងការជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់កម្ពុជាពីសំណាក់ប្រទេសមួយចំនួន។
សភាក៏ដូចជា រដ្ឋាភិបាលកម្ពុជាឱ្យតម្លៃជាអាទិភាពលើសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ កម្ពុជាកំពុងតែអនុវត្តគោលនយោបាយការបរទេស ដែលមានភាពបត់បែន និងជាក់ស្តែងនិយម តាមទិសស្លោក៖ “កំណែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតីឯករាជ្យ”។
សភាកម្ពុជាកំពុងបន្តជម្រុញកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ជាអាទិ៍ នាឆ្នាំក្រោយនេះ សភាកម្ពុជានឹងរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP-11) ក្នុងគោលដៅពង្រឹងយន្តការពហុភាគី និងភាពជាដៃគូរ ដើម្បីថែរក្សាសនិ្តភាព និងសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន។
គណៈប្រតិភូកម្ពុជាក៏បានចូលរួមបោះឆ្នោតជ្រើសរើសរបៀបវារៈបន្ទាន់នាពេលនោះដែរ ហើយអង្គមហាសន្និបាតទាំងមូល បានសម្រេចជ្រើសរើសប្រធានបទ ស្តីពីការចូលរួមដោះស្រាយបំរែបំរួលអាកាសធាតុ ជារបៀបវារៈបន្ទាន់។ ការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាសកលមួយនេះ។
២- កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី១: សន្តិភាព និងសន្តិសុខអន្តរជាតិកិច្ចប្រជុំនេះដឹកនាំដោយសភាអេស្ប៉ាញ ដោយផ្តោតទៅលើការតាមដានសេចក្តីសម្រេចកាលពីឆ្នាំ២០១៤ ស្តីពី ការឈានទៅរកពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ និងការចូលរួមចំណែករបស់សភាក្នុងការផ្តល់សច្ចាប័ន ក៏ដូចជាការបង្កើតលិខិតតូបករណ៍ផ្សេងៗ ដើម្បីសម្រេចបានគោលដៅនេះ។
អង្គប្រជុំក៏បានលើកយកប្រធានបទស្តីពី ឧក្រិដ្ឋកម្មនីយកម្មនៃការលាងលុយកខ្វក់ និងការចាត់វិធានការផ្លូវច្បាប់ ដើម្បីទប់ស្កាត់ អំពើឧក្រិដ្ឋកម្មអន្តរជាតិមួយនេះ។ បន្ថែមទៅទៀតនោះ អង្គប្រជុំក៏បានពិភាក្សាពីផលប៉ះពាល់នៃបំរែបំរួលអាកាសធាតុ និងវិធានការដោះស្រាយ។ប្រធានបទនេះនឹងចេញជាសេចក្តីសម្រេចនៅមហាសន្និបាតលើកទី១៤២ ឆ្នាំ២០២០ខាងមុខនេះ។
៣- កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី២: ការអភិវឌ្ឍប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្មកិច្ចប្រជុំនេះដឹកនាំដោយសភាហ្សាំបាវ៉េ បានពិភាក្សាលើកយកប្រធានបទ ស្តីពីការបញ្រ្ជៀបឌីជីថលភាវូបនីយកម្ម (Digitalization) និងសេដ្ឋកិច្ចក្នុងការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសឆ្លើយតបការប្រើប្រាស់ និងផលិតភាព ដែលជាប្រធានបទសម្រាប់មហាសន្និបាតលើកទី១៤២ នាឆ្នាំ២០២០។ ក្រៅពីនោះបានចូលរួមចំណែករៀបចំកិច្ចប្រជុំសភា នាសន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP25) ក្នុងប្រទេសឈីលី ខែធ្នូ ឆ្នាំ២០១៩។
ប្រតិភូសភាកម្ពុជា បានលើកឡើងពីគោលនយោបាយអភិវឌ្ឍកម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ដូចជាផែនការយុទ្ធសាស្រ្ត បំរែបំរួលអាកាសធាតុ ឆ្នាំ២០១៤ -២០២៣។ ការបង្កើតក្រុមប្រឹក្សាជាតិនៃការអភិវឌ្ឍប្រកបដោយចីរភាពក្នុងឆ្នាំ២០១៥ និងផែនការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣ និងបានធ្វើការអំពាវនាវដល់បណ្តាប្រទេសនៅលើពិភពលោកធ្វើការឱ្យកាន់តែស្និទ្ធស្នាលបន្ថែមទៀត ដើម្បីប្រមូលធនធានក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
៤- កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី៣: សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកិច្ចប្រជុំនេះដឹកនាំដោយសភាឥណ្ឌា ដោយមានសមាជិកចូលរួមទាំង១៤៩ប្រទេស បានចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ និងសម្រេចដាច់ចេញសេចក្តីព្រាងសេចក្តីសម្រេចស្តីពី “ការឈានដល់ការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣០: តួនាទីសភាក្នុងការធានាសិទ្ធិទទួលបានសុខភាព” ដើម្បីដាក់ជូនអង្គមហាសន្និបាតអនុម័តនារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
៥- កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ទី៤: កិច្ចការអង្គការសហប្រជាជាតិកិច្ចប្រជុំនេះដឹកនាំដោយសភាអាហ្សង់ទីន ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដោយបានលើកយកប្រធានបទស្តីពី ការគោរពច្បាប់អន្តរជាតិក្នុងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចពាក់ព័ន្ធ ក្នុងគោលបំណងតាមដានការអនុវត្តច្បាប់បច្ចុប្បន្ន រួមទាំងតុលាការអន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខ។
អង្គប្រជុំបានរិះរកគ្រប់មធ្យោបាយ និងលើកទឹកចិត្តដល់បណ្តាប្រទេសនានា រួមគ្នាគោរព និងពង្រឹងច្បាប់អន្តរជាតិ និងបានលើកយកការពិចារណាពីប្រសិទ្ធិភាពនៃការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងការអនុវត្តប្រកបដោយតម្លាភាព ដោយបានលើកយកមេរៀនដែលអង្គការសហប្រជាជាតិក្នុងការដោះស្រាយជម្លោះនៅតំបន់បាល់កង់ ក្នុងទស្សវត្សន៍១៩៩០ ផងដែរ។
ក្រៅពីនោះអង្គប្រជុំបានលើកយកមកពិភាក្សាផងដែរ អំពីការធ្វើការស្ទង់មតិលើទំនាក់ទំនងរវាងសភានិងអង្គការសហប្រជាជាតិក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ដែលសហភាពអន្តរសភាបានបង្កើតចំណងមិត្តភាព ស្អិតរមួតជាមួយអង្គការសហប្រជាជាតិ ជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការជម្រុញសហភាពអន្តរសភាចូលរួមចំណែកជាមួយគ្នា តាមរយៈការធ្វើការសម្រេចចិត្តនានាជាមួយអង្គការសហប្រជាជាតិ។
៦- វេទិកាសមាជិកសភាជាស្រ្តីលើកទី៣០នេះជាវេទិកាលើកទី៣០ ដែលដឹកនាំដោយសភាកេនយ៉ា បានបើកឱកាសជូនសមាជិកសភាជាស្រ្តី បានមកជួបជុំគ្នា ក្នុងការរួមចំណែកផ្តល់មតិជូនអង្គមហាសន្និបាត ជាពិសេសរិះរកយន្តការថ្មីៗក្នុងការលុបបំបាត់រាល់គ្រប់ទម្រង់លើការរើសអើងប្រឆាំងនឹងស្រ្តី។
ប្រតិភូសភាកម្ពុជាបានជម្រាបជូនអង្គវេទិកាថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីការលុបបំបាត់រាល់គ្រប់ទម្រង់លើការរើសអើងប្រឆាំងនឹងស្រ្តី(CEDAW) ហើយនិងកំពុងខិតខំប្រឹងប្រែងលើកកម្ពស់សមភាពយេនឌ័រ ដើម្បីលើកស្ទួយស្ថានភាពសង្គម សេដ្ឋកិច្ច និងពង្រឹងតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ការផ្តល់សិទ្ធិសេរីភាពពេញលេញជូនស្តី្រនៅគ្រប់កម្រិត និងការឧបត្ថម្ភគាំពារស្ត្រីចាប់តាំងពីមានផ្ទៃពោះរហូតប្រសូត្រ ព្រមទាំងបានដាក់ចេញយន្តការនានា ដើម្បីលុបបំបាត់ការរើសអើងស្រ្តី តាមរយៈការបញ្ជ្រាបយេនឌ័រនៅគ្រប់វិស័យ ពង្រីកសហគ្រិនភាពរបស់ស្ត្រី កាត់បន្ថយអំពើហឹង្សា និងការរំលោភបំពានផ្លូវភេទ និងការពង្រឹងកិច្ចការពារផ្លូវច្បាប់ដល់ស្ត្រី។
៧- វេទិកាសមាជិកសភាវ័យក្មេងកិច្ចប្រជុំនេះដឹកនាំដោយសភាសូរីណាម បានពិភាក្សា និងធ្វើបច្ចុប្បន្នភាពអំពីបណ្តាប្រទេសជាសមាជិកសហភាពអន្តរសភា ដែលមាននយោបាយជម្រុញការចូលរួមរបស់យុវជន។ ក្រៅពីនេះ កិច្ចប្រជុំបានជជែកពិភាក្សា និងផ្តល់យោបល់ក្នុងនាមយុវជនចូលរួមចំណែកដល់មហាសន្និបាតលើកទី១៤១ ដោយបន្ថែមទស្សនៈក្នុងការដាក់បញ្ចូលក្នុងប្រធានបទ”ការពង្រឹងច្បាប់អន្តរជាតិ៖ តួនាទី យន្តការសភា និងការចូលរួមចំណែកកិច្ចសហប្រតិបត្តិការក្នុងតំបន់” និងបានរៀបចំផែនការសម្រាប់ឆ្នាំ២០១៩-២០២០ ហើយពិភាក្សាលើយុវជនលើបញ្ហានយោបាយ។
៨- កិច្ចប្រជុំអាស៊ានបូក ៣ និងកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក
នាកិច្ចប្រជុំក្រុមភូមិសាស្រ្តតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទៅតាមសេចក្តីស្នើសុំរបស់សភាភាគីមិត្ត គណៈប្រតិភូសភាកម្ពុជា បានបោះឆ្នោតគាំទ្របេក្ខភាពសភាថៃ និងគាំទ្របេក្ខភាពព្រឹទ្ធសភាប៉ាគីស្ថាន នៅក្នុងគណៈកម្មា-ធិការប្រតិបត្តិរបស់អាយភីយូ គាំទ្របេក្ខភាពសភាឥណ្ឌាចូលវេទិកាសមាជិកសភាវ័យក្មេង គាំទ្របេក្ខភាពថៃ និងសភាប៉ាគីស្ថាន ចូលគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ គាំទ្រសភាថៃនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការអង្គការសហប្រជាជាតិ។ កិច្ចប្រជុំបានសម្រេច ជ្រើសតាំង សភាសឹង្ហបុរី ជាប្រធានអាស៊ានបូកបី(អាណត្តិ ៦ខែ) និងសភាហ្វីលីពីនជាប្រធានកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក(សម្រាប់ឆ្នាំ២០២០)។
៩- កិច្ចប្រជុំសភាតំបន់អាស៊ី(APA)កិច្ចប្រជុំសភាតំបន់អាស៊ីដឹកនាំដោយ ប្រធានសភាទួរគី ដោយផ្តោតទៅលើការរៀបចំកិច្ចប្រជុំគណៈ-កម្មាធិការអចិន្ត្រៃយ៍ទាំងបួនរបស់ខ្លួន ក្នុងឆ្នាំ២០១៩ នេះ ក្នុងនោះ បានសម្រេចអនុម័តទៅលើការបង្កើតក្រុមការងារ ស្តីពីទីផ្សារថាមពលបៃតង ដែលជាសេចក្តីព្រាងសេចក្តីសម្រេចនៃគណៈកម្មាធិការអចិន្រ្តៃយ៍ ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីថវិកា និងផែនការ APA ដែលជាកិច្ចពិភាក្សាដ៏សំខាន់មួយផងដែរដែលអគ្គលេខាធិការដ្ឋានបានសម្រេចបាន។
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី២ និងមហាសន្និបាតលើកទី១២ សភាតំបន់អាស៊ី ឆ្នាំ២០១៩ គ្រោងរៀបចំធ្វើនៅចុងខែធ្នូ ឆ្នាំ២០១៩ ដែលមានសភាប៉ាគីស្ថានគឺជាម្ចាស់ផ្ទះនោះ ត្រូវបានសភាប៉ាគីស្ថានជូនដំណឹងមក អគ្គលេខាធិការថា មិនអាចទទួលរៀបចំបានទេ ដោយសភាពការណ៍នៅការស្មៀ ដូច្នេះតួនាទីជាប្រធាន APA នេះ ត្រូវបានសម្របសម្រួលជូនទៅសភាអ៊ីរ៉ាក់ទទួលជំនួសវិញ។ គណៈប្រតិភូសភាកម្ពុជាបានអញ្ជើញសមាជិក APA ក៏ដូចជា IPU ចូលរួមកិច្ចប្រជុំ ASEP លើកទី១១ នៅឆ្នាំ២០២០ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៃកិច្ចប្រជុំនេះ។
១០- កិច្ចប្រជុំសមាគមអគ្គលេខាធិការសភា (ASGP)
អង្គប្រជុំដឹកនាំដោយ ឯកឧត្តម Philippe Schwab អគ្គលេខាធិការសភាសហព័ន្ធស្វីស និងជាប្រធានសមាគមអគ្គលេខាធិការសភាពិភពលោក(ASGP)។ អង្គប្រជុំបានសម្រេចបញ្ចូលសមាជិកថ្មីចំនួន ១៩ប្រទេសដែលអគ្គលេខាធិការ និងអគ្គលេខាធិការរងសភានៅជុំវិញពិភពលោក។ អង្គប្រជុំបានពិភាក្សា និងធ្វើបទបង្ហាញទៅលើប្រធានបទសំខាន់ៗមួយចំនួនមានដូចជា កិច្ចពិភាក្សាទូទៅស្តីអំពីមន្ត្រី និងសមាជិកសភា ការរំពឹងទុក និងការការពារ ការអនុវត្តច្បាប់ វិធីសាស្រ្តនៃការពិនិត្យពិច័យសម្រាប់សភា ការបើកទូលាយសភាសម្រាប់ជនពិការ ការដកពិសោធន៍ល្អៗ ការបង្ហាញដោយប្រមុខរដ្ឋ និងតួលេខដទៃទៀតមុនដាក់ចូលសភា។
១១- សិក្ខាសាលា អមមហាសន្និបាតគណៈប្រតិភូកម្ពុជាបានចូលរួមសិក្ខាសាលាមួយចំនួន ដូចជា៖
– សិក្ខាសាលា ស្តីពីគោលដៅអភិវឌ្ឍទី៨: ការសម្រេចបានភាពមានការងារពេញលេញ ផលិតភាព និងការងារសមរម្យសម្រាប់ទាំងអស់គ្នា ក្នុងគោលបំណងស្វែងយល់កត្តាផ្សេងៗ ដែលនាំឱ្យមាន អសន្តិសុខការងារ និងផ្តល់គោលនយោបាយថ្មីៗដល់សភា ដើម្បីឆ្លើយតបបញ្ហានេះ។
– សិក្ខាសាលា ស្តីពីអនុសញ្ញាអង្គការសហប្រជាជាតិ អំពីសិទ្ធិកុមារ៖ សមិទ្ធផល និងភាពប្រឈមក្នុង រយៈពេល ៣០ឆ្នាំ ក្នុងគោលដៅវាយតម្លៃពីស្ថានការណ៍ពីការគោរពសិទ្ធិកុមារជាទូទៅ និងយន្តការសកល រួមមាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីការពារសុខមាលភាពរបស់កុមារ។
១២- កិច្ចប្រជុំទ្វេភាគីក្នុងគោលដៅរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងពង្រឹងការទូតសភា ជាមួយបណ្តាប្រទេសមួយចំនួន គណៈប្រតិភូសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ ប្រធាន និងអនុប្រធានសភាស៊ែប៊ី ប្រធាននិងអគ្គលេខាធិការសហភាពអន្តរសភាIPU សមាជិកគណៈកម្មាធិការអចិន្តៃ្រយ៍ ICAPP និងជួបសំណេះសំណាល ក្រៅផ្លូវការជាមួយគណៈប្រតិភូសភាជប៉ុន វៀតណាម អ៊ីតាលី ប៉ាគីស្ថាន ថៃ ចិន និងបានចូលរួមជាសាក្សី ក្នុងពិធីចុះហត្ថលេខា ស្តីពីការកិច្ចសហប្រត្តិបត្តិការរវាង IPU និងAPF។
ដោយឡែក ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ្ល៉ាឌីមៀ ម៉ារីនកូវិច អនុប្រធានសភា នៃសាធារណរដ្ឋស៊ែប៊ី សភានៃប្រទេសទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងទំនាក់ទំនងប្រពៃណីដ៏ល្អដែលមានយូរណាស់មកហើយ និងបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យទាំងកម្រិតថ្នាក់ដឹកនាំសភា និងអគ្គលេខាធិការដ្ឋានសភានៃប្រទេសទាំងពីរ។
ចំណែកឯក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម អង់ដ្រេ ឃ្លីម៉ូវ អនុប្រធានគណៈកម្មការកិច្ចការបរទេស នៃក្រុមប្រឹក្សាសហព័ន្ធរុស្សី និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP ភាគីទាំងពីរបានឯកភាពគាំទ្រគ្នានូវគំនិតផ្តួចផ្តើមក្នុងការរៀបចំជម្រុញឱ្យមាននូវវេទិកាឌីជីថលជាផ្លូវការមួយ (Digital Platform) សម្រាប់ជាមធ្យោបាយក្នុងការជួបប្រាស្រ័យទាក់ទងគ្នារវាងបណ្តាប្រទេសមកពីគ្រប់ទិសទីក្នុងពិភពលោក ក្នុងគោលបំណងចែករំលែកនូវ ទស្សនៈបទពិសោធ ក៏ដូចជាដំណោះស្រាយនូវរាល់បញ្ហានានាទាក់ទងនឹងវប្បធម៌ សង្គម ប្រជាធិបតេយ្យ ជាដើម។
១៣- ករណី IPU លុបឈ្មោះ ទណ្ឌិត សម រង្ស៉ី ចេញពីបញ្ជីអ្នកឡើងថ្លែងសុន្ទរកថាក្រៅពីការចូលរួមមហាសន្និបាតសហភាពអន្តរសភា និងកិច្ចប្រជុំពាក់ព័ន្ធ គណៈប្រតិភូសភាកម្ពុជា បានដាក់សំណើ ដើម្បីសុំដកឈ្មោះ ទណ្ឌិត សម រង្ស៉ី ចេញពីបញ្ជីអ្នកឡើងថ្លែងសុន្ទរកថា ទៅកាន់ ប្រធានដឹកនាំ IPU ដែលក្នុងនោះមាន លោកជំទាវ កាប្រ៊ីយ៉ែលឡា គូអេវ៉ាស បារ៉ុន ប្រធានសហភាពអន្តរសភា IPU និងលោកស្រី ម៉ាចា ហ្សកកូវិច ប្រធានរដ្ឋសភាស៊ែប៊ី និងជាប្រធានមហាសន្និបាត IPU លើកទី១៤១ ។
ឈ្មោះរបស់ទណ្ឌិត សម រង្ស៉ី ដោយដាក់ត្រឹមតែ (R. Sam) ដែលជ្រកក្រោមចលនាសេរីនិយមអន្តរជាតិ (Liberal International) ត្រូវបានឃើញបញ្ចូលនៅក្នុងបញ្ជីអ្នកឡើងថ្លែងសុន្ទរកថា នៅលេខរៀងទី៦៤ ដែលជាលេខរៀងចុងក្រោយគេ មួយថ្ងៃមុនកិច្ចប្រជុំចាប់ផ្តើមជាផ្លូវការ ដើម្បីជ្រៀតចូលក្នុងមហាសន្និបាតលើកទី១៤១។ ប៉ុន្តែបន្ទាប់ពីមានសំណើរបស់គណៈប្រតិភូសភាពេញសិទ្ធិកម្ពុជា ដែលបញ្ជាក់អំពីពិរុទ្ធភាពជននេះ ទើបឈ្មោះរបស់ទណ្ឌិត សម រង្ស៉ី (R. Sam) នេះ ត្រូវបានលុបចេញពីបញ្ជីអ្នកដែលត្រូវឡើងថ្លែងសុន្ទរកថា តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ រហូតមកតែម្តង។
នៅថ្ងៃបិទបញ្ចប់ ប្រតិភូសភាកម្ពុជាបានចូលរួមគាំទ្រទៅលើរបាយការណ៍របស់អគ្គលេខាធិការ ដោយបានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន IPU សម្រាប់ការរៀបចំមហាសន្និបាតលើកទី១៤១ និងកិច្ចប្រជុំពាក់ព័ន្ធប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព។ ប្រតិភូសភាកម្ពុជាបានបញ្ជាក់ពីក្តីសង្ឃឹមថា IPU នឹងកាន់តែមានលក្ខណៈសកល និងប្រសិទ្ធផលជាងនេះបន្ថែមទៀត។
អង្គមហាសន្និបាតបានអនុម័តរបាយការណ៍កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់អាយភីយូទី១: សន្តិភាព និងសន្តិសុខអន្តរជាតិ ទី២: ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម និងទី៤:កិច្ចការអង្គការសហប្រជាជាតិ រួមនិងលទ្ធផលកិច្ចពិភាក្សាទូទៅ និងសម្រេចដាក់ចេញ សេចក្តីប្រកាសចំនួន២ និងសេចក្តីសម្រេចចំនួន ២ គឺ៖
– សេចក្ដីប្រកាសទីក្រុងប៊ែលក្រាដស្ដីពី ”ការពង្រឹងច្បាប់អន្តរជាតិ៖ តួនាទី យន្តការសភា និងការចូលរួមចំណែកកិច្ចសហប្រតិបត្តិការក្នុងតំបន់ ”
– សេចក្តីប្រកាសស្តីពី ”ខួប៣០ឆ្នាំនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ”
– សេចក្តីសម្រេចស្តីពី “ការឈានដល់ការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣០: តួនាទីសភាក្នុងការធានាសិទ្ធិទទួលបានសុខភាព”
– សេចក្តីសម្រេចស្តីពី “ការចូលរួមដោះស្រាយបំរែបំរួលអាកាសធាតុ”
– អនុម័តប្រធានបទសម្រាប់គណៈកម្មាធិការអចិន្រៃ្តយ៍ទី៣ គឺ “អង្គនីតិប្បញ្ញត្តិសកលលោកប្រយុទ្ធប្រឆាំង ការជួញដូរផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធើណែត“ ៕