ថ្នាក់ដឹកនាំខេត្តចុះបិទអត្តសញ្ញាណរថយន្ដអ្នករត់តាក់ស៊ីនិងរថយន្ដស្នួលគ្រប់ប្រភេទក្នុងខេត្តសៀមរាប


ព្រឹកថ្ងៃសៅរិ៍ ៦រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០១៩​ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ទៀ​ សីហា​ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប​ បានចុះបិទអត្តសញ្ញាណរថយន្ដអ្នករត់តាក់ស៊ីនិងរថយន្ដស្នួលគ្រប់ប្រភេទក្នុងខេត្តសៀមរាប ដើម្បីសម្រាប់ការពារសន្តិសុខសុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិនៅពេលធ្វេីដំណេីរ​ ស្ថិតនៅភូមិខ្នារ​ សង្កាត់ជ្រាវ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

ជាមួយនឹងកាចុះបិទអត្តសញ្ញាណនេះ លោក អភិបាលរងខេត្តបានណែនាំដល់បងប្អូនដែលជាអ្នកប្រកបរបបនេះថា ការកំណត់របៀបនេះ គឺមានភាពងាយស្រួលដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការគ្រប់គ្រង ជាពិសេសងាយស្រួលដល់ភ្ញៀវទេសចរជាតិ អន្តរជាតិបានស្គាល់អត្តសញ្ញាណផងដែរ។

ទន្ទឹមនឹងនេះ លោក ក៏បានបញ្ជាក់បន្ថែមដល់បងប្អូនថា នៅពេលបើកបរដឹកភ្ញៀវទេសចរ យើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ចេះមានការអធ្យាស្រ័យ និងមានការយោគយល់ខ្ពស់ឱ្យគ្នាទៅវិញទៅមកក្នុងពរលបើកបរ៕