ឯកឧត្តម ស៊ឹម កា ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ បានដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ក្នុងវត្តពង្ររង្សី ហៅវត្តជ្រៃម្រាក់


នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ បានដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្តពង្ររង្សី ហៅវត្តជ្រៃម្រាក់ ដែលស្ថិតនៅភូមិជ្រៃម្រាក់ ឃុំគោកគង់កើត ស្រុកកញ្ជៀច ខេត្តព្រៃវែង។

ពិធីបុណ្យកឋិនទាននេះបានប្រព្រឹត្តទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីដង្ហែអង្គកឋិនទានជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នងអង្គ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវបទនមស្ការព្រះរតនត្រ័យថ្វាយបង្គំ ព្រះសមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យ ព្រះរតនត្រ័យកែវ ទាំងបីមានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។
ក្នុងពិធីបុណ្យកឋិនទាននេះ បច្ច័យ ដែលទទួលបានរួមមាន៖ ១៤៦.៤៧៥.០០០៛ និង២៨.៩១៦ដុល្លារ។
ក្នុងឱកាសនេះដែរ ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន៣០០នាក់ ព្រមទាំងចែកជូននូវក្រមា និងថវិកាមួយចំនួនផងដែរ។