ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាជួបសំណេះសំណាលជាមួយគណៈប្រតិភូដែលអញ្ជើញមកពីខេត្តបារៀ-វង់តាវ ប្រទេសវៀតណាម


នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូដែលអញ្ជើញមកពីខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ក្នុងបំណងស្វែងរកកិច្ចសហប្រតិបត្តិការទៅវិញ ទៅមក ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើវិស័យទេសចរណ៍ និងការគ្រប់គ្រង អភិរក្សសម្បត្តិបេតិកភណ្ឌ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានស្វាគមន៍គណៈប្រតិភូមកពីខេត្តបារៀ-វង់តាវ យ៉ាងកក់ក្តៅ និងបានលើកអំពីកាលប្រវត្តិសំខាន់ៗនូវការរីកចម្រើនក្នុងមណីយដ្ឋានអង្គរ តួនាទីរបស់អាជ្ញាធរជាតិអប្សរា និងការអភិរក្ស ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយហេតុនេះហើយទើបរយៈពេល២០ឆ្នាំមកនេះ តំបន់រមណីយដ្ឋានអង្គររក្សាបាននូវតម្លៃលេចធ្លោជាសកលរបស់ខ្លួនតាំងពីដំបូងរហូតដល់បច្ចុប្បន្ន។

ឯកឧត្តម ង្វៀន ហុងលិញ (Nguyen Hong Linh) សមាជិកគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បានថ្លែងថា ប្រទេសកម្ពុជាជាទឹកដីសម្បូរបែប ពិសេសបេតិកភណ្ឌវប្បធម៌ ហើយភាពជោគជ័យលើផ្នែកអភិរក្សបេតិកភណ្ឌវប្បធម៌នេះ មិនត្រឹមតែជាមោទនភាពរបស់ប្រជាជនកម្ពុជាទេ តែក៏ជាមោទនភាពរបស់មនុស្សជាតិទាំងមូល។ ឯកឧត្តម ក៏បានស្នើឲ្យមានការចែករំលែកផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅ វិញទៅមក និងពង្រឹងកិច្ចសហ ប្រតិបត្តិការនាពេលអនាគត សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ និងការគ្រប់គ្រងសម្បត្តិបេតិកភណ្ឌវប្បធម៌៕