ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យនៅត្មាតពង ក្នុងខេត្តកំពង់ស្ពឺ បង្កើនថាមពលដល់៨០មេហ្កាវ៉ាត់ សម្រាប់ជួយសម្រួលការខ្វះខាតអគ្គិសនី នារដូវប្រាំង


ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ នៅតំបន់ត្មាតពង ខេត្តកំពង់ស្ពឺ បានបង្កើនថាមពលអគ្គិសនីដល់ចំនួន៨០មេហ្កាវ៉ាត់ហើយ ដើម្បីជួយបំពេញដល់ការខ្វះអគ្គិសនី ប្រើប្រាស់នៅរដូវប្រាំង ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់ របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានប្រាប់មកអង្គភាពព័ត៌មាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ការបន្ថែម២០មេហ្កាវ៉ាត់ លើ៦០មេហ្កាវ៉ាត់នេះ ដើម្បីត្រៀមផ្គត់ផ្គង់បន្ថែម និងជាថាមពលកកើនឡើងវិញ ដែលជាថាមពលស្អាត ចូលក្នុងប្រព័ន្ធបណ្ដាញជាតិ ដែលបានភ្ជាប់ចូលក្នុងប្រព័ន្ធបណ្ដាញជាតិរួចរាល់ហើយ។

ឯកឧត្តម កែវ រតនៈ ក៏បានកត់សម្គាល់ផងដែរថា ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ៦០មេហ្កាវ៉ាត់ ជំហានទី១ គឺធ្វើហើយមុនរយៈពេល៥ខែ មុនកិច្ចព្រមព្រៀម ដោយឡែក២០មេហ្កាវ៉ាត់ ជំហានទី២ សរុប៨០មេហ្កាវ៉ាត់នេះ សម្រេចបានមុនផែនការ២ខែ ដែលនេះជាជោគជ័យមួយ ក្នុងដំណើរការសាងសង់។

ឯកឧត្តមអគ្គនាយកបានគូសបញ្ជាក់ថា ថាមពល៨០មេហ្កាវ៉ាត់ ដើរដោយពន្លឺព្រះអាទិត្យនេះ នឹងបង្កើនសមត្ថភាពត្រៀមជួយផ្គត់ផ្គង់តម្រូវការអគ្គិសនីនារដូវក្ដៅ ខាងមុខនេះ។ ដោយឡែកគម្រោងថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ នៅខេត្ដកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ និងខេត្តដទៃទៀត ដែលរាជរដ្ឋាភិបាលបានអនុម័តហើយ កំពុងតែធ្វើការសាងសង់បន្ដបន្ទាប់។

សូមជម្រាបថា គណៈរដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ បានសម្រេចឱ្យសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ៤កន្លែងបន្ថែមទៀត មានអនុភាពសរុបប្រមាណ ១៤០មេហ្គាវ៉ាត់ ដើម្បីទាញយកថាមពលមកបំពេញសេចក្តីត្រូវការដែលកំពុងមានការកើនឡើង។

ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ ទាំង៤នេះ ស្ថិតនៅខេត្តពោធិ៍សាត់ផ្តល់អានុភាព ៣០មេហ្កាវ៉ាត់, នៅខេត្តបាត់ដំបង ផ្តល់អានុភាព ៦០មេហ្កាវ៉ាត់, នៅខេត្តបន្ទាយមានជ័យ ផ្តល់អានុភាព ៣០មេហ្កាវ៉ាត់ និងនៅក្រុងបាវិត ខេត្តស្វាយរៀង ផ្តាល់អានុភាព ២០មេហ្កាវ៉ាត់៕