តុលាការខេត្តបាត់ដំបង ចោទប្រកាន់សមាជិកក្រុមឧទ្ទាមម្នាក់ទៀត ដែលពាក់ព័ន្ធនឹងរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់


(បាត់ដំបង)៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់លើសមាជិកក្រុមឧទ្ទាមម្នាក់ទៀត ដែលពាក់ព័ន្ធនឹងរដ្ឋប្រហារខុសច្បាប់ ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។

ជនត្រូវចោទមានឈ្មោះ ស៊ឹម ឡៅ ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

«ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់ឈ្មោះ ស៊ឹម ឡៅ ដែលបានកៀរគរប្រមូលបក្ខពួក ហូបអាហារសាមគ្គី និងបានធ្វើសកម្មភាពផ្សព្វផ្សាយបំផុសឲ្យប្រជាពលរដ្ឋចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកល ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្សី»។

ម្យ៉ាងទៀតឈ្មោះ ស៊ឹម ឡៅ បានកៀងគរបំផុសប្រជាពលរដ្ឋ និងមានផែនការដឹកនាំក្រុមរបស់ខ្លួនធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពផ្តលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមរអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹង ការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ «រួមគំនិតក្បត់» ដែលអាចមានទោសជាប់ពន្ធនាគារពី០៥ (ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌលើកលែងតែអ្នកពាក់ព័ន្ធទាំងនោះបានចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសប្បញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕

Advertising