ឯកឧត្តម ប៉ា សុជាតិវង្ស បើកវេទិកាផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្តាប់ការសំណូមពររបស់ពលរដ្ឋ លើបញ្ហាសំរាម


(ភ្នំពេញ)៖  ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ប្រជាពលរដ្ឋនៅតែលើកឡើងពីកង្វល់របស់ខ្លួន ពាក់ព័ន្ធនឹងការប្រមូលសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី មិនទាន់បានល្អ និងសូមឱ្យអាជ្ញាធរជួយអន្តរាគមន៍ ខណៈដែលសំរាមបានបង្កើតឱ្យមានជា កង្វល់ឱ្យពួកគាត់រាល់ថ្ងៃនោះ។

ជាក់ស្តែង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី បានធ្វើឡើងនៅសាលាខណ្ឌមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា មន្ត្រីចំណុះឱ្យរដ្ឋបាលរាជធានី ព្រមទាំងប្រជាពលរដ្ឋរាប់រយនាក់។

នៅក្នុងវេទិកានេះដែរ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ បានលើកឡើងជាសំណើ និងសំណូមពរជាច្រើន ក្នុងនោះពាក់ព័ន្ធនឹងបញ្ហាសំរាម ប្រជាពលរដ្ឋបានលើកឡើងដដែលថា ក្រុមហ៊ុនស៊ិនទ្រី នៅតែមិនព្រមមកប្រមូលសំរាមឱ្យអស់នោះទេ ដោយទុកឱ្យស្អុយប៉ះពាល់ដល់បរិស្ថាន នៅក្នុងភូមិឋានរបស់ពួកគាត់។ ពួកគាត់បានឱ្យដឹងថា ដោយថ្ងៃខ្លះបានទុកសំរាមចោលរហូតដល់២០ថ្ងៃ ក៏មានដែរ ដូច្នេះ ពួកគាត់បានសំណូមពរ ឱ្យអាជ្ញាធរជួយអន្តរាគមន៍ លើបញ្ហាដដែរជាដដែលនេះផង។

ឯកឧត្តម ប៉ា សុជាតិវង្ស បានលើកឡើងថា ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាពេលនេះ គឺជាការអនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ២១៥ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឱ្យក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានា ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ និងក្រុមប្រឹក្សាខណ្ឌត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមសង្កាត់នានា ក្នុងអំឡុងខែមិថុនា រៀងរាល់ឆ្នាំ។

ឯកឧត្តមបានបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីនេះនឹងផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងដំណើរការ អភិបាលកិច្ចល្អ និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់គណនេយ្យភាពតម្លាភាព ក្នុងដំណើរការពិនិត្យ មើលលើការផ្តល់ សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីធានាថារាល់បញ្ហាអាទិភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប។

ឯកឧត្តម នួន ផារ័ត្ន ក៏បានលើកឡើងដែរថា រាល់សំណើរ និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហាការជួសជុលផ្លូវការ ដាក់បង្គោលភ្លើងសាធារណៈជាដើម រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការដោះស្រាយទៅតាមធនធានដែលមានពោល គឺកម្រិតណាត្រូវប្រគល់ឱ្យខណ្ឌ និងកម្រិតណាប្រគល់ឱ្យថ្នាក់រាជធានីដោះស្រាយ។ តែទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ យើងបានដាក់បង្គោលភ្លើងបំភ្លឺសាធារណៈបាន ជា២ម៉ឺនដើម ហើយហើយការងារនេះយើងនៅតែបន្តទៅតាមកម្រិតធនធានដែលមាន។

ទាក់ទិននឹងពាក់ព័ន្ធនឹងបញ្ហាសំរាមនេះដែរ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់ នៅសាកលវិទ្យាល័យបៀលប្រាយ (BBU) នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដកហូតសិទ្ធិប្រមូលសំរាម ពីក្រុមហ៊ុនស៊ិនទ្រី ដើម្បីឱ្យរដ្ឋកាន់កាប់សិន ហើយសម្តេចបញ្ជាក់ថា ការប្រមូលសំរាមនៅរាជធានីភ្នំពេញ ត្រូវដាក់ឱ្យដេញថ្លៃជាថ្មី ដោយត្រូវមានក្រុមហ៊ុន៣ ឬ៤ក្រុមហ៊ុន សម្រាប់ការប្រមូលសំរាមនៅរាជធានីភ្នំពេញ៕

 

Advertising