សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងបញ្ហាប្រឈមចំនួន៣ ក្នុងវេទិកាសៀងសានលើកទី៩ នៅទីក្រុងប៉េកាំង


(ប៉េកាំង, ចិន)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១៩ បានចូលរួមក្នុងវេទិកាសៀងសានលើកទី៩ នៅទីក្រុងប៉េកាំង ដែលនៅក្នុងវេទិការសៀងសាននេះ ត្រូវបានពិភាក្សាលើប្រធានបទសំខាន់ៗ ដែលពាក់ពន្ធ័នឹងបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។

ថ្លែងទៅកាន់កិច្ចប្រជុំពេញអង្គលើកទី៣ ក្រោមប្រធានបទ «ផលប្រយោជន៍ នៃរាល់បណ្តាប្រទេសតូច ប្រទេសមធ្យម និងសន្តិសុខរួម» សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា វេទិកាសៀងសាន គឺជាឱកាសដ៏ល្អប្រសើរមួយ ដើម្បីលើកឡើងពីក្តីកង្វល់រួម និងរកដំណោះស្រាយជាមួយគ្នាលើបញ្ហាទាំងនោះ។

តាមរយៈវេទិកាសៀងសានលើកទី៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងនូវបញ្ហាប្រឈមចំនួន៣ ទៅកាន់កិច្ចប្រជុំរួមមាន៖

*ទី១៖ ក្នុងទិដ្ឋភាពទ្រឹស្តី នៃទំនាក់ទំនងអន្តរជាតិ តែងផ្តោតសំខាន់ពីសកម្មភាព នៃប្រទេសមហាអំណាច ធ្វើការសិក្សា ពន្យល់ពីឬសគល់ នៃជម្លោះរបស់ពួកគេ ហើយស្វែងរកវិធីដើម្បីធ្វើយ៉ាងណា ឱ្យមានតុល្យភាពអំណាចរវាងមហាអំណាច ហើយដែលគេជឿថានេះជាភាពចាំបាច់ដើម្បីរក្សាសន្តិភាពពិភពលោក។ សម្តេចពិជ័យសេនាបានបញ្ជាក់ថា គេច្រើនតែមើលរំលងពីផលប្រយោជន៍ និងសំណូមពររបស់ប្រទេសតូច និងមធ្យមហើយយ៉ាងច្រើន គេបានត្រឹមតែបង្ហាញការអាណិតអាសូរចំពោះប្រទេសតូចនិងមធ្យមប៉ុណ្ណោះ។ ប៉ុន្តែជាទូទៅប្រទេសតូច និងមធ្យមត្រូវគេបង្ខំឱ្យលះបង់ផលប្រយោជន៍ជាតិខ្លួន ដើម្បីបុព្វហេតុសន្តិភាពរវាងប្រទេសមហាអំណាច។

សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា «ផ្អែកតាមប្រវត្តិសាស្រ្ត យើងបានដឹងហើយថា នៅពេលដែលប្រទេសមហាអំណាចមានទំនាស់នឹងគ្នា ប្រទេសតូច និងមធ្យមត្រូវបានគេចាប់បង្ខំឱ្យជ្រើស រើសភាគីជម្លោះណាមួយ ឬពេលខ្លះទៀត គឺមហាអំណាចគឺជាអ្នកធ្វើការកំណត់ជំនួសតែម្តង។ ហើយនៅពេលដែលប្រទេសមហាអំណាចត្រូវគ្នា ប្រទេសតូច និងមធ្យមបែរជាក្លាយទៅជារបស់ សម្រាប់ប្រទេសមហាអំណាចដោះដូរគ្នាទៅវិញ»

*ទី២៖ សម្តេចពិជ័យសេនា បានបញ្ជាក់ថា ទោះបីជាយើងបានឃើញបញ្ហាទី១ ខាងលើនេះ យើងនៅតែមិនអាចគេចផុតពីវាបានទេ។ ពិភពលោកសព្វថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិ និងពឹងពាក់គ្នាទៅវិញទៅមក។ គ្មានប្រទេសណាដែលអាចរស់នៅម្នាក់ឯង ដោយគ្មានការទាក់ទងជាមួយពិភពខាងក្រៅឡើយ ពីព្រោះការរស់នៅបែបនេះជាការលំបាកណាស់។ យ៉ាងណាមិញ នៅពេលដែលយើងបើកចំហទៅកាន់ពិភពលោក យើងច្បាស់ជានឹងត្រូវប្រាស្រ័យទាក់ទងគ្នា ហើយរងនូវឥទ្ធិពលពីទង្វើនៃប្រទេសដទៃ គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។

ក្នុងន័យនេះ សម្តេចពិជ័យសេនា បានបញ្ជាក់បន្ថែមថា «ទោះបីចង់ ឬមិនចង់ យើងត្រូវតែទាក់ទងជាមួយប្រទេសទាំងអស់លើពិភពលោក ហើយជាទូទៅការទាក់ទងនេះមិនមែនគ្មានភាពលំអៀង ទៅរកប្រទេសធំនោះទេ។ នេះជាបញ្ហាប្រឈមមួយទៀត»

*ទី៣៖ ភាពផ្ទុយគ្នា ឬទំនាក់ទំនងជាវិចារវិទ្យាក្នុងទំនាក់ទំនងអន្តរជាតិ។ ក្នុងទិដ្ឋភាពមួយ ប្រទេសនីមួយៗចាំបាច់ត្រូវស្វែងរកផលប្រយោជន៍ជាតិរបស់ខ្លួនឱ្យបានច្រើនតាមដែលខ្លួនអាចធ្វើបាន។ ប៉ុន្តែក្នុងទិដ្ឋភាពម្យ៉ាងទៀត គេត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ក្នុងទំនាក់ទំនងអន្តរជាតិ។ ប៉ុន្តែបញ្ហាគឺស្មុគស្មាញ ព្រោះមានសំនួរលំបាកមួយដែលបានចោទឡើង៖ នៅពេលផលប្រយោជន៍ជាតិ មានទំនាស់នឹងគោលការណ៍សីលធម៌អន្តរជាតិ តើមួយណាគួរមានអាទិភាពជាង? បើយកល្អ គួរមានទាំង២ ប៉ុន្តែតថភាពគឺផ្សេងពីទ្រឹស្តី។

ក្នុងតថភាពជាក់ស្តែងយើងឃើញថា ពេលខ្លះប្រទេសធំៗ និងជាមហាអំណាចអាចស្វែងរកផលប្រយោជន៍ជាតិរបស់ខ្លួន ដោយពុំសូវគិតដល់គោលការណ៍សីលធម៌អន្តរជាតិទេ។ ផ្ទុយទៅវិញប្រទេស តូច និងមធ្យមមិនអាចធ្វើបែបនោះបានឡើយ។ នៅពេលដែលប្រទេសតូច និងមធ្យមព្យាយាមធ្វើបែបនេះ ពួកគេច្រើនត្រូវបានរារាំង ដោយលើកពីគោលការណ៍សីលធម៌អន្តរជាតិ។

ជាក់ស្តែងក្នុងករណីកម្ពុជាផ្ទាល់ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងធ្វើគ្រប់យ៉ាង ដើម្បីជាប្រយោជន៍ដល់ប្រជាជននិងជាតិខ្លួនក៏ដោយ ក៏កម្ពុជានៅតែទទួលរងសម្ពាធពីប្រទេសមួយចំនួន ដែលរិះគន់ជុំវិញបញ្ហាសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ។

ជាចុងក្រោយសម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមនៃប្រទេសតូច និងមធ្យម ចំពោះកម្ពុជាផ្ទាល់ រាជរដ្ឋាភិបាលបានប្រកាសអំពីនយោបាយ «កែទម្រង់ផ្ទៃក្នុង បង្កើនចំណងមិត្តភាពអន្តរជាតិដោយផ្អែកលើគោលការណ៍អធិបតេយ្យ និងឯករាជ្យភាព»។ ផ្អែកលើគោលនយោបាយនេះ កម្ពុជាបាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង សហគមន៍អាស៊ាន និងអង្គការអន្តរជាតិនានា ដូចជាអង្គការសហប្រជាជាតិជាដើម»។

នៅក្នុងកិច្ចប្រជុំវេទិកាសៀងសានលើកទី៩ នេះ វាគ្មិនមកពីបណ្តាលប្រទេសដ៏ទែទៀតក៏បានចូលរួមពិភាគ្សាផ្លាស់ប្តូរយោបល់គ្នា ដែលទាក់ទងទៅនឹងប្រធានបទថ្មីៗ ស្តីអំពីទំនាក់ទំនងប្រទេស មហាអំណាច និងសណ្តាប់អន្តរជាតិ, ការគ្រប់គ្រងហានិភ័យសន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិក, ការគ្រប់គ្រងអាវុធអន្តរជាតិ និងសន្តិសុខសាកល និងការផ្លាស់ប្តូរ ទស្សនៈវិស័យដែលទាក់ទងទៅ នឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខក្នុងតំបន់ និងពិភពលោក៕

Advertising