លិខិតមិត្តអ្នកអាន៖ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំថែរក្សាកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍប្រទេសជាតិប្រកបដោយសមធម៌


កម្ពុជាពេលនេះកំពុងឈរនៅលើស្ថានភាពមួយដ៏ល្អ ដោយសារតែសេដ្ឋកិច្ច មានកំណើនក្នុងអត្រាប្រមាណ ៧% ជារៀងរាល់ឆ្នាំ បានជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ បើទោះបីជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកធំពីរ គឺប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងតែធ្វើសង្គ្រាមពាណិជ្ជកម្មរវាងគ្នាក្តី ក៏សេដ្ឋកិច្ចកម្ពុជា មិនបានរងផលប៉ះពាល់អ្វីធំដុំពីជម្លោះនេះនោះទេ ហើយស្ថានភាពហិរញ្ញវត្ថុអាចនៅតែរក្សាបានរឹងមាំដដែល ដោយសារតែប្រាក់បម្រុងក្នុងរតនាគារជាតិមានលំនឹងគួរជាទីទុកចិត្ត និងមានកំណើនអ្នកវិនិយោគជាលំដាប់។ ទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជាធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាដើម សុទ្ធតែបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៩ និងឆ្នាំខាងមុខនៅតែរឹងមាំល្អពោលគឺស្ថិតក្នុងកម្រិតជុំវិញ ៧% (អាចឡើង ឬចុះបន្តិចបន្តួច)។ កំណើនសេដ្ឋកិច្ចនេះ នឹងនៅតែបន្តកើនឡើងក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។ នេះជាសញ្ញាបញ្ជាក់ថា កម្ពុជា មានស្ថានភាពសេដ្ឋកិច្ចរឹងមាំ បើទោះបីជាបណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងក្នុងពិភពលោក បានជួបនឹងឱនភាពសេដ្ឋកិច្ចដោយសារបញ្ហាផ្សេងៗជាពិសេសគឺផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។

ភាពរឹងមាំនៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា ដែលមានការកើនឡើងជាលំដាប់រាល់ឆ្នាំនោះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជនក៏ដូចជាពីសំណាក់ពលរដ្ឋខ្មែរទូទៅ ដែលការរីកចម្រើននៃសេដ្ឋកិច្ចជាតិនេះហើយ បាននិងកំពុងបង្កលក្ខណៈងាយស្រួលដល់រដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ និងការបែងចែកផលប្រយោជន៍ទៅដល់ប្រជាជនកម្ពុជាវិញប្រកបដោយសមធម៌។

ជាក់ស្តែង ការកើនឡើងនៃចំណូលពន្ធគយ និងចំណូលពន្ធដារនៃប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យសាច់ប្រាក់នៅក្នុងរតនាគារជាតិមានការកើនឡើងកាន់តែច្រើន និងបន្តកើនឡើងជាលំដាប់ នៃកំណើនសាច់ប្រាក់នៅក្នុងរតនាគារជាតិមិនត្រឹមតែអាចអនុញ្ញាតឲ្យរាជរដ្ឋាភិបាល តម្លើងប្រាក់ខែជូនមន្ត្រីរាជការនោះទេ ប៉ុន្តែថែមទាំងអាចបើកប្រាក់ខែពីរដងក្នុងមួយខែថែមទៀតផង។ ជាងនេះទៀត ក្រៅពីការដែលអាចធានាបាននូវចំណាយចរន្ត លំនឹងនៃថវិកាជាតិនេះក៏ថែមទាំងអនុញ្ញាតឲ្យរាជរដ្ឋាភិបាលប្រើប្រាស់វិនិយោគទៅលើគម្រោងសំខាន់ៗមួយចំនួនដោយខ្លួនឯង ដោយមិនចាំបាច់ពឹងលើថវិកាជំនួយពីខាងក្រៅទៀតផង។

ដើម្បីពង្រឹងសេដ្ឋកិច្ចឲ្យមានសន្ទុះកាន់តែខ្លាំងនិងរឹងមាំជាងនេះទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវកំណែទម្រង់ជាកញ្ចប់លើវិស័យអត្ថិភាពទាំងបួន គឺ «ធនធានមនុស្ស ធនធានទឹក ការអភិវឌ្ឍផ្ឡូវ និងអគ្គិសនី» សំដៅលើកទឹកចិត្តវិស័យឯកជនឲ្យពួកគេមានភាពងាយស្រួលជាងមុនក្នុងការធ្វើអាជីវកម្ម និងការបោះទុន វិនិយោគនៅកម្ពុជា។

កំណែទម្រង់ដ៏មុតស្រួចជាកញ្ចប់របស់រាជរដ្ឋាភិបាល ក៏នឹងបង្កើនប្រសិទ្ធភាព និងផលិតភាពក្នុងវិស័យឯកជនដើម្បីឲ្យមានការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិដោយសេរី មានភាពស្មើមុខស្មើមាត់គ្នាផងដែរ។ ក្នុងនោះការអនុវត្តយ៉ាងម៉ឹងម៉ាត់នូវអភិក្រមទាំង៥ «មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ចំពោះមន្ត្រីរាជការស៊ីវិល កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជរដ្ឋាភិបាល ដើម្បីប្រជាពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ប្រកបដោយសមធម៌។ កំណែទម្រង់នេះត្រូវបានគេមើលឃើញថា នឹងក្លាយជាកម្លាំងចលកររុញច្រានសេដ្ឋកិច្ចកម្ពុជាឲ្យរឹងរឹតតែមានសន្ទុះខ្លាំង លឿន និងប្រកបដោយនិរន្តរភាព ដែលធ្វើឲ្យកម្ពុជាអាចឈរយ៉ាងរឹងមាំលើកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនដោយមិនចាំបាច់ពឹងលើជំនួយពីខាងក្រៅដូចកាលពីមុនទៀតឡើយ។

ក្រឡេកមើលទៅលើការអភិវឌ្ឍផ្នែកវិស័យហេដ្ឋារចនាសម្ព័ន្ធវិញម្តង យើងអាចសន្និដ្ឋានបានថា កម្ពុជាកំពុងតែបោះពួយលឿនលយទៅមុខដោយមិនថយក្រោយឡើយ ដូចជា អគារខ្ពស់ៗស្កឹមស្កៃកប់ពពក ផ្លូវថ្នល់ខ្វាត់ខ្វែង ផ្លូវលំ ជនបទកាន់តែមានភាពល្អប្រសើរ អណ្តូងទឹក ប្រឡាយទឹក ស្រះទឹក ស្ពានអាកាស ស្ពានឆ្លងទន្លេ ស្ពានឆ្លងសមុទ្រ កាន់តែមានចំនួនច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងនេះគឺពិតជាបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋទូទៅដែលបានប្រើប្រាស់ស្មើៗគ្នា គឺពិតដូចអ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានលើកឡើងថា គ្មានអ្វីដែលយុត្តិធម៌ និងសមធម៌ក្នុងការបែងចែកផលលាភសម្រាប់ប្រជាពលរដ្ឋខ្មែរជាងការកសាងហេដ្ឋារចនាសម្ព័ន្ធនោះឡើយដោយហេតុថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានអត្ថប្រយោជន៍ដូចៗគ្នា។

ចំណុចមួយទៀត ដែលបង្ហាញថា រាជរដ្ឋាភិបាលបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋនោះគឺ ការអភិវឌ្ឍគុណភាព និងវិសាលភាពនៃវិស័យអប់រំ ដែលបង្កនូវភាពងាយស្រួលទៅដល់កូនចៅប្រជាពលរដ្ឋ បានសិក្សារៀនសូត្រក្រេបចំណេះដឹង និងគោលនយោបាយសិក្សាពេញមួយជីវិត ជាពិសេសគឺការដាក់ចុះនូវយុទ្ធសាស្រ្តបង្ខិតសាលារៀនឱ្យនៅជិតនឹងផ្ទះប្រជាពលរដ្ឋ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ យុទ្ធសាស្រ្តនេះ បាននិងកំពុងផ្តល់ផលប្រយោជន៍ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពដល់ប្រជាពលរដ្ឋមូលដ្ឋាន។

ដូចនេះ គេមិនអាចប្រកែកបានឡើយចំពោះអត្ថប្រយោជន៍ប្រកបដោយសមធម៌ដែលប្រជាជនខ្មែរទទួលបានតាមរយៈសមិទ្ធិផលនានាដែលកំពុងកើតមាននៅលើទឹកដីកម្ពុជាបច្ចុប្បន្ន។ ប៉ុន្តែ យើងក៏មិនអាចភ្លេចបានឡើយថា សមិទ្ធិផលធំបំផុតមួយទៀតរបស់ប្រជាជនកម្ពុជាដែលធានាដល់ការអភិវឌ្ឍគ្រប់បែបយ៉ាង និងសេចក្តីសុខ សេចក្តីចម្រើនរបស់ប្រជាពលរដ្ឋទូទៅនោះ គឺកត្តាសុខសន្តិភាពព្រោះថាបើពុំមានសន្តិភាពទេ ប្រទេសជាតិយើងមិនអាចអភិវឌ្ឍទៅមុខបានជាដាច់ខាត ប្រជាជនខ្មែរក៏មិនមានឱកាសរស់នៅ និងកសាងជីវភាពរបស់ខ្លួនបានឡើយ។ សន្តិភាព គឺកំពុងតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនគ្រប់រូបហើយយើងក៏កំពុងតែទទួលបានការរីកចម្រើនគ្រប់បែបយ៉ាងដោយសារ សុខសន្តិភាពនេះគ្រប់ៗគ្នាផងដែរ៕