សិក្ខាសាលាស្តីពីរៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ២០២០ ក្នុងក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៏កសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន២


នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ មានបើកអង្គសិក្ខាសាលាសិក្ខាសាលាស្តីពីរៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ២០២០ ក្នុងក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៏កសិកម្មខ្នាតតូច តំបន់ទន្លេសាប ជំហាន២ ក្រោមអធិបតីភាពលោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការចូលរួម ពីអគ្គនាយកដ្ឋានកសិកម្ម មន្ត្រីហិរញ្ញវត្ថុ រួមទាំងអស់លោក លោកស្រី ក្រុមការងារគម្រោងថ្នាក់ជាតិ ទីប្រឹក្សាគម្រោង សេវាករទី៦ ,សេវាករទី៧ និងទី៨ ខេត្ត ក្រុង ស្រុក និង ឃុំ សង្គាត់គោលដៅចូលរួមផងដែរ ។

លោក លី សំរិទ្ធ ក៏បានធ្វើការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី និង មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម ដែលបានផ្តល់ហិរញ្ញប្បទានកម្ចីដ៏ធំធេង តាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍កសិកម្មខ្នាតតូត តំបន់ទន្លេសាប ។ លោកក៏បានគូសបញ្ជាក់ថា អង្គសិក្ខាសាលានាពេលនេះ មានគោលបំណងសំខាន់ ដើមី្បធ្វើការពិភាក្សា និង ឈានទៅដល់ការព្រមព្រៀងមួយ ជាមួយអ្នកពាក់ព័ន្ធ សមខាន់ៗ ដែលក្រុមការងារគម្រោងខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់គោលដៅទាំងអស់របស់គម្រោង ទីប្រឹក្សា គម្រោង សេវាករទី៦ ,សេវាករទី៧ និង សមាគមកែលម្អជីវភាពកសិករ ទៅលើវិសាលភាព សកម្មភាពការងារដែលនឹង ត្រូវអនុវត្តបន្ត សម្រាប់ឆ្នាំ២០២០ក្នុងខេត្តសៀមរាប ។

លោកអភិបាលរងខេត្តក៏បានលើកផងដែរថា ដើមី្បធ្វើការបូកសរុប សេចក្តីព្រាងផែនការការងារ ដែលបានរៀបចំថ្នាក់ខេត្ត បង្កើតផែនការសកម្មភាព និង ថវិកាគម្រោងរួមមួយ សម្រាប់ឆ្នាំ២០២០ ដែលនឹងត្រូវបានពិនិត្យ ពិភាក្សានិងព្រមព្រៀងគ្នា ។ ដើមី្បឆ្លើយតបទៅនឹងគោលបំណងរបស់អង្គ សិក្ខាសាលានេះ គឺ សិក្ខាកាមទាំងមូលត្រូវចាំបាច់ធ្វើការពិនិត្យមើលឡើងវិញ ពីវឌ្ឍនភាពការងារ ដែលបានអនុវត្តនៅក្នុង កំឡុងឆ្នាំ២០១៩ ដោយធៀបជាមួយផែនការដែលបានគ្រោងទុក ។ ម៉្យាងទៀតក៏ត្រូវលើពីបញ្ហាប្រឈមនានា និងធ្វើការ ពិនិត្យ ពិភាក្សាគ្នាឲ្យបានស៊ីជម្រៅ ដើមី្បឈានទៅដល់ការព្រមព្រៀង ឯកភាពគ្នាលើកទៅក្នុងផែនការសកម្មភាព សម្រាប់អនុវត្តឆ្នាំ២០២០បន្ត ។ លោកអភិបាលរងខេត្ត ក៏បានលើកនូវអនុសាសន៍ និង បទពិសោធន៍មួយចំនួន ដែល ក្រុមការងារខេត្ត បានអនុវត្តកន្លងមក ទៅលើគម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៏កសិកម្មខ្នាតតូច តំបន់ទន្លេសាប ក្នុងខេត្ត ដោយមួយចំនួនទទួលបានលទ្ធផលល្អ និង មួយចំនួនក៏ជួបនូវបញ្ហាប្រឈមផងដែរ ។

អង្គសិក្ខាសាលានេះ ក៏មានធ្វើបទបង្ហាញ ដោយផ្តោតលើប្រធានបទសំខាន់ៗ គឺពិនិត្យឡើងវិញពីវឌ្ឍនភាពដែល បានអនុវត្តក្នុងឆ្នាំ២០១៩ ធៀបនឹងផែនការ , បង្ហាញពីគម្រោងថវិកាប្រចាំឆ្នាំសម្រាប់សមាសភាពនីមួយៗ(លទ្ធផលទី១ ទី២ និងទី៣ , ពិភាក្សាសកម្មភាពនានា និង គោលដៅតាមសមាសភាព ក្នុងផែនការប្រចាំឆ្នាំ២០២០ និង ពិភាក្សាពីសេចក្តីព្រាងថវិកា សម្រាប់ឆ្នាំ២០២០ ដោយផ្អែកលើសកម្មភាពខេត្តបានឯកភាពគ្នា ។

លោក លី សំរិទ្ធ ក៏មានសង្ឃឹមផងដែរថា តាមរយៈការបង្ហាញនូវប្រធានបទខាងលើ និង ផ្តល់ឲ្យសិក្ខាកាមទាំងអស់បានយល់ច្បាស់ពីផែនការ សកម្មភាពការងារ និង ផែនការថវិកា ដែលត្រូវលើកយកទៅអនុវត្តសម្រាប់ឆ្នាំ២០២០ ព្រមទាំងបានជម្រុញ និង ណែនាំដល់ក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក និង ឃុំសង្កាត់ និង ទីប្រឹក្សាបច្ចេកទេសគម្រោង ទាំងអស់ ត្រូវមានកិច្ចសហការគ្នាល្អ ជាមួយភ្នាក់ងារអនុវត្តគម្រោងគ្រប់ជាន់ថ្នាក់ ដោយធានាការអនុវត្តគម្រោងប្រកប ដោយតម្លាភាព គណនេយ្យភាព និង ទទួលបានលទ្ធផលផ្លែផ្កា ស្របទៅតាមផែនការបានគ្រផងទុក ដើមី្បបង្កើនកម្រិត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរទ្វេរឡើង និង ដើមី្បជម្រុញការអនុវត្តគម្រោងឲ្យទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងការឆ្លើយតបបានទាន់ពេលទៅតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕