រដ្ឋាភិបាលគុយបា ថ្លែងអំណរគុណជាថ្មីដល់កម្ពុជា ដែលគំាទ្រដល់ការដកទណ្ឌកម្ម សេដ្ឋកិច្ចអាមេរិកលើគុយប៉ា


(ភ្នំពេញ)៖ រដ្ឋាភិបាលគុយប៉ា ជាថ្មីម្តងទៀតតាមរយៈឯកឧត្តម ជួនដឺ ជេហ្សឹស ហីដាល់ហ្គូ ហ្គាតូ ប៉េរ៉េស (Mr. Juan de Jesús Hidalgo-Gato Péres) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា ដែលត្រូវបានចប់អាណត្តិ បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានគំាទ្រដល់ការដកទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក មកលើប្រទេសគុយប៉ា។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរកម្ពុជា-គុយប៉ា ទំាងនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានគំាទ្ររដ្ឋាភិបាល និងប្រជាជនគុយប៉ា នៅគ្រប់កាលៈទេសៈ។

ឯកឧត្តម ជួន ដឺ ជេហ្សឹស ហីដាល់ហ្គូហ្គាតូ ប៉េរ៉េស បានលើកឡើងដូច្នេះ នៅក្នុងឱកាសចូលសម្តែងការគួរសម និងជម្រាបលាសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ មុនពេលដែលលោកត្រូវចាកចេញពីកម្ពុជា ខណៈដែលការបំពេញបេសកកម្មការទូតនៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតគុយប៉ា ចប់អាណត្តិ បានគូសបញ្ជាក់ថា ជោគជ័យនៅក្នុងបេសកកម្មការទូតរបស់លោក គឺមានការគំាទ្រពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់កម្ពុជា ដែលនៅក្នុងនោះមានសម្តេចពញាចក្រី ហេង សំរិន ផងដែរ។

សម្តេចពញាចក្រី ហេង សំរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិការទូតរបស់ឯកឧត្តម ដែលបានរួមចំណែកដ៏ធំធេងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសទាំងពីរ កម្ពុជា-គុយបា ឲ្យកាន់តែរឹងមាំ រីកចម្រើនជាបន្តបន្ទាប់។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា គុយបាជាប្រទេសមួយ នៅក្នុងចំណោមប្រទេសមិនច្រើនទេលើពិភពលោក ដែលធ្លាប់បានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រកម្ពុជា ក្រោយពីបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីជាង៤០ឆ្នាំមុន ហើយក្នុងដំណាក់កាលជាបន្តបន្ទាប់ គុយបាក៏បានបន្តរួមចំណែកដល់កាអភិវឌ្ឍនៅកម្ពុជា រហូតដល់បច្ចុប្បន្ន ធ្វើឲ្យកម្ពុជាចាត់ទុកគុយបាជាមិត្តដ៏ល្អ នៅគ្រប់កាលៈទេសៈ។

ឯកឧត្តម ជួន ដឺ ជេហ្សឹស ហីដាល់ហ្គូហ្គាតូ ប៉េរ៉េស បានស្នើសុំសម្តេចប្រធានរដ្ឋសភាគំាទ្រ ដល់បេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតគុយប៉ា ប្រចំានៅកម្ពុជាក្នុងអាណត្តិក្រោយៗទៀត៕